ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរងគ្រោះ១៥គ្រួសារ ចាញ់ក្តីឧកញ៉ាង៉ាន់ វណ្ណា ស្វែងរកអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី

89


ភ្នំពេញ ៖ ពលរដ្ឋរងគ្រោះដីធ្លី ចំនួន១៥គ្រួសារ ដែភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឡើងមកដាក់ញត្តិ នៅស្នាក់ការខុទ្ធកាល័យសម្តេចតេជោ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយចាញ់ក្តីលោកឧកញ៉ាង៉ាន់​ វណ្ណា ដើម្បីឲ្យសម្តេចតេជោហ៊ុនសែនអន្តរាគមន៍ដោះស្រាយ។

តំណាងប្រជាពលរដ្ឋទាំង១៥គ្រួសារ គឺអ្នកស្រី ប៉ាក ស៊ីណា បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់គ្នា មានក្តីសង្ឃឹមទៅលើសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ និងជួយដោះស្រាយជូនពលរដ្ឋជួបទុកលំបាក និងផ្តល់ជូនយុត្តិធម៌ជូនពលរដ្ឋ។ តំណាងប្រជាពលរដ្ឋ បានបន្ថែមថា លោកឧកញ៉ាវ៉ាន់ វណ្ណា បានដាក់ពាក្យប្តឹងប្រឆាំងប្រជាពលរដ្ឋ ខណៈដែលពួកគាត់បានស្នាក់នៅនិងកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៨៧ ប៉ុន្តែទោះជាយ៉ាងណា លោកឧកញ៉ាង៉ាន់ វណ្ណា បានបដិសេធថាមិនបានរំលោភលើដីប្រជាពលរដ្ឋទាំងនោះឡើយ។

សូមបញ្ជាក់ថា តុលាការកំពូល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការដ្ឋប្បវេណី លេខ៣៥ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ របស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ហើយតុលាការកំពូល បានសម្រេចជាស្ថាពរ ឲ្យប្រជាពលរដ្ឋទាំង១៥គ្រួសារ ចាញ់ក្តីលោកឧកញ៉ាង៉ាន់ វណ្ណាតែម្តង។

សូមប​ញ្ជាក់ថា មានភាពមិនប្រក្រតីជាច្រើន ក្នុងរឿងទំនាស់ដីធ្លី រវាងបងប្អូនប្រជាពលរដ្ឋចំនួន ១៥​គ្រួសារ និង លោកឧកញ៉ា ង៉ាន់ វណ្ណា ហើយមានពាក់ព័ន្ធ​ប្រធានភូមិបាល ខេត្តព្រះសីហនុ គឺលោក ចេង ស្រុង ដែលធ្វើកា​រវាស់វែង និងឡើងរបាយការណ៍ស្នើ​សុំចេញកម្មសិទ្ធិ ក្រោយឲ្យ​ឧកញ៉ា ង៉ាន់ វណ្ណា ដោយរំលោភយកដីអូរធម្មជាតិ​ តាំងពីសម័យ​មុន និង ក្បាលដីរបស់ប្រជាពលរ​ដ្ឋចំនួន ១៣គ្រួសារ ដែលមានលេខ​ក្បាលដីច្បាស់លាស់ ទទួលស្គាល់ដោយអាជ្ញាធរមូ​លដ្ឋានត្រឹមត្រូវ​តាមច្បាប់ ទើបធ្វើឲ្យដីដដែល ទីតាំងដដែល ខុស​ទំហំ ក្នុងប្លង់ចាស់ដល់ទៅចំនួន ៦៦៥៧ម៉ែត្រការ៉េ ។ សួរថា លោក ចេង ស្រុង បានដីមកពីណាដាក់បន្ថែមឲ្យលោក ង៉ាន់ វណ្ណា ? បើកាលទិញពីឈ្មោះ លឹម ហ៊ុយឡេង មានទំហំត្រឹមតែ 57.455ម៉ែត្រការ៉េ ក្រោយពេលផ្ទេរប័ណ្ណកម្មសិទ្ធិឲ្យលោក ង៉ាន់ វណ្ណា ទំហំដីឡើងរហូត 64.112 ម៉ែត្រការ៉េ ភាពខុសទំហំទាំងនេះ តើលោក ចេង ស្រុង បានសំណែនអ្វីខ្លះពីឧកញ៉ា ង៉ាន់ វណ្ណា ទើបហ៊ានកាត់ដីអូរ និងដីពលរដ្ឋបញ្ចូលក្នុងប្លង់កម្មសិទ្ធិឲ្យឧកញ៉ា ង៉ាន់ វណ្ណា រហូតដល់ទៅ 6,657ម៉ែត្រការ៉េបែបនេះ។

ប្រជាពលរដ្ឋរងគ្រោះបានស្នើសុំ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដីនគរូបនីយ៍កម្ម និងសំណង់ និងលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាពិនិត្យមើលការបំពេញការងារទាំងងិតងងុលរបស់លោក ចេង ស្រុង ផង បើមិនដូចនោះទេ នឹងមានពលរដ្ឋរងគ្រោះដោយសារ បុគ្គលរូបនោះបន្តទៀត និងសូមឲ្យតុលាការកំពូលបន្តការសើរើសំណុំរឿក្តីរដ្ឋប្បវេណីលេខ ៣១០ ដែលមានភាពមិនប្រក្រតីនេះបន្តទៀត ព្រោះយើងខ្ញុំទាំង១៥គ្រួសារមិនអាចទទួលយក សាលក្រមនោះបានឡើយ។ កត្តាទាំងនេះហើយ ទើបប្រជាពលរដ្ឋតែងមិនសប្បាយចិត្តនឹង ថ្នាក់ដឹកនាំកំពូល គឺដោយសារមន្ត្រីបែបកន្ទេលធំ ប្រឡំដេក នេះឯង ហើយសូមពលរដ្ឋរួមសហការរាយការណ៍ពិតកុំភូតកុហក់ បោកបន្លំ ដើម្បីបានជាចំណាត់ការដ៏មានប្រសិទ្ធិភាពពីថ្នាក់ដឹកនាំគ្រប់លំ​ដាប់​ថ្នាក់នានា ៕

សាលាដំបូងខេត្តព្រះសីហនុ ចុះដាក់បម្រាមមិនឲ្យប្រជាពលរដ្ឋចំនួន ១៥គ្រួសារ រស់នៅសង្កាត់៤ មិនឲ្យសង់ផ្ទះ ឬធ្វើសកម្មភាពផ្សេងៗនៅលើដីកំពុងមានទំនាស់។ តុលាការបានអនុវត្តទៅតាមដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ទៅតាមបណ្ដឹងរបស់លោកឧកញ៉ា ង៉ាន់ វណ្ណា។

តំណាងពលរដ្ឋទាំង ១៥គ្រួសារ រស់នៅភូមិ៥ សង្កាត់៤ ថ្លែងថា ពួកគាត់ជំទាស់ដីកាសម្រេចរក្សាការពារដែលតុលាការចុះអនុវត្តពេលនេះទេ។

តំណាងពលរដ្ឋ លោកស្រី ប៉ាក់ ស៊ីណា មានប្រសាសន៍ថា រឿងក្តីនេះបានអូសបន្លាយពេលយូរឆ្នាំ ហើយពួកគាត់ត្រូវរងភាពអយុត្តិធម៌បំផុត។ លោកស្រីបន្តថា ដីដែលភាគីម្ខាងទៀត ឈ្មោះ លោក ង៉ាន់ វណ្ណា ប្ដឹងផ្ដល់ទៅកាន់តុលាការ គឺមានពលរដ្ឋខ្លះក្នុងចំណោម ១៥គ្រួសារ បានមករស់នៅតាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ។ ប៉ុន្តែដោយសារតែការឃុបឃិតពីមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ទើបឈ្មោះលោក ង៉ាន់ វណ្ណា អាចលួចធ្វើប្លង់កម្មសិទ្ធិដោយមិនបានជូនដំណឹងមកពួកគាត់បានដឹងមុននោះទេ។ពលរដ្ឋទាំង ១៥គ្រួសារកំពុងកើតមានទំនាស់ដីធ្លី បានមករស់នៅក្បែរតំបន់អាងចម្រោះទឹកស្អាតនាខេត្តព្រះសីហនុ មានអាជ្ញាធរមូលដ្ឋានដឹងឮ និងទទួលស្គាល់ជាបន្តបន្ទាប់ រហូតដល់មានសកម្មភាពចុះវាស់វែងដីធ្លី ត្រៀមផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ថែមទៀតកន្លងមក។

លោកស្រី ប៉ាក់ ស៊ីណា បញ្ជាក់ឲ្យដឹងទៀតថា ទីតាំងដីរបស់លោក ង៉ាន់ វណ្ណា ដែលប្ដឹងពួកគាត់គឺមានព្រំប្រទល់នៅជាប់ខាងក្រោយផ្ទៃដីធ្លីរបស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៥គ្រួសារ ដែលមានព្រំ ឬទីតាំងជាប់ថ្នល់ក្រាលកៅស៊ូ។ ប៉ុន្តែទីតាំងដីរបស់លោក ង៉ាន់ វណ្ណា ពុំមានព្រំប្រទល់ជាប់ថ្នល់កៅស៊ូទេ គឺនៅលើជម្រាលដីភ្នំឯណោះ។

ផ្ដើមពីបញ្ហានេះ តំណាងពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៥គ្រួសារ បានសំណូមពរដល់សម្តេចតេជោនាយករដ្ឋមន្ត្រីជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណីមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនបុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលគ្មានវត្តមានក្នុងមូលដ្ឋានខេត្តព្រះសីហនុ រំលោភដីលំនៅឋានពលរដ្ឋពួកគាត់ដោយអនុគ្រោះ។

អ្នកស្រី បានបន្ថែមថា ប្រព័ន្ធតុលាការមិនអាចជួយស្វែងរកយុត្តិធម៌ លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃ របស់កូនចៅ ឬញាតិជាប់ភូមិផងទាំង ១៥គ្រួសារនៅសង្កាត់៤ ក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុបមិនដល់មួយហិកតានេះទេ។ ប៉ុន្តែអ្នកស្រី បានបង្ហាញនូវជំនឿនិងមានក្តីរំពឹងមុតមាំថា មានតែសម្តេចនាយករដ្ឋមន្ត្រី ប៉ុណ្ណោះទើបអាចជួយអន្តរាគមន៍ និងផ្ដល់យុត្តិធម៌ជូនពួកគាត់បាន៕

អត្ថបទដែលជាប់ទាក់ទង