ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អយ្យការអមសាលាដំបូងខេត្តសៀបរាប បានសម្រេចអនុញ្ញាតឱ្យជនសង្ស័យពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ជាបណ្ដោះអាសន្ន ក្រោយទទួលស្គាល់ថាជាកំហុស និងបានសងសំណងសមរម្យ ដល់ជនរងគ្រោះ

34

 

សៀមរាប ៖ ពាក់ព័ន្ធករណីបុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ២នាក់ ប្រើប្រាស់អំពើហិង្សាទៅលើក្មេង ដែលលក់សត្វអណ្តើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះ និងបានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ និងបានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹងក្នុងរឿងនេះតទៅទៀត ដូច្នេះតំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន តែសំណុំរឿងនេះ តំណាងអយ្យការ នឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។

បើតាមសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤បានឲ្យដឹងថា
យោងការចុះផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម និងសារព័ត៌មាននានា នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ មានគណនីមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវវីដេអូ ដែលបង្ហាញពីការប្រើប្រាស់អំពើ ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃ អាជ្ញាធរជាតិអប្សរា ទៅលើក្មេងដែលលក់សត្វអណ្តើកនៅក្នុងបរិវេណ កសិន្ទុប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរ វត្ត ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ អយ្យកាអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៥៨ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២៤ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលមានជនសង្ស័យចំនួន ២នាក់ ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ដើម្បីចាត់ការជាសមត្ថកិច្ច។

បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាង នានានៅក្នុងសំណុំរឿង អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមជម្រាបជូនសាធារណជនជ្រាបដូចខាងក្រោម៖
១. ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) នីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលបំពេញភារកិច្ចប្រចាំការមើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សឿន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើ ទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំ របស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។

២. នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់៖ – បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។
– បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។
-បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹងក្នុងរឿងនេះតទៅទៀត។
– មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ។
– ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។

៣. ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្ដុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិន បង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

៤. ផ្អែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង