ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញប្រកាសព័ត៌មាន ស្ដីពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ

42

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា

ក្រសួងបានពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមទាក់ទងនឹងបណ្ណបើកបរអន្តរជាតិ
ដែលមានលក្ខណៈស្រដៀងនឹងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ តាមរយៈបណ្ដាញសង្គមដែលមានឈោ្មះ ថា “IAA international driving license ប័ណ្ណបើកបរអន្តរជាតិ”។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំមានការភាន់ច្រឡំសៀវភៅបកប្រែនេះជាបណ្ណ អនុញ្ញាតបើកបរអន្តរជាតិដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាម ប្រកាសលេខ ០៣២ ប្រក.សក.ដជគ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ដីពីនីតិវិធីនៃការចេញបណ្ណ អនុញ្ញាតបើកបរអន្តរជាតិ ក្រសួងសាធារណការ និងដឹកជញ្ជួនទទួលស្គាល់លើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងហ្សឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ដែលមាន សុពលភាព០១ឆ្នាំ និងអាចបើកបរបាន១០៣ប្រទេស តែប៉ុណ្ណោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់ សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្ដាទីតាំងផ្តល់សេវាដែលបានកំណត់ ដោយត្រូវជៀសវាងការ ប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូល រួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង