ទំនាក់ទំនងកម្ពុជា-ចិន រឹងមាំដូច ដែកថែប
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោក ចាង ឈុនហ៊្សាន អនុប្រធានសភាតំណាងប្រជាជនចិន បានប្តេជ្ញារួមគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ ដែលមានលក្ខណៈល្អប្រសើរស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរ នៅក្នុងនោះនឹងជំរុញឲ្យមាន ការផ្លាស់ប្តូរដំណើរទស្សនកិច្ចដកស្រង់ បទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត។
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា លោក ចាង ឈុនហ៊្សាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិន ទូទាំងប្រទេស និងគណៈប្រតិភូទំាងអស់ បានអញ្ជើញចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដែលនៅក្នុងឱកាសនោះដែរ លោក ប្រធានគណៈប្រតិភូ បានអះអាងពីការគំាទ្ររបស់ប្រទេសចិន ចំពោះកម្ពុជា និងបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំ និងយូរអង្វែង។
លោក ចាង ឈុនហ៊្សាន បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសចិនបានកសាង តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែលប្រទេសមួយចំនួនបានជំទាស់។ លោក អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានមានប្រសាសន៍បន្តថា គោលនយោបាយដែលប្រទេសចិនបានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក។
“កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន” នេះជាការគូសបញ្ជាក់របស់ លោក ចាង ឈុនហ៊្សាន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសកម្ពុជា និងចិន ដែលបានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ហើយឆន្ទៈរបស់ថ្នាក់ដឹកនាំប្រទេសទំាងពីរ គឺបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមំាថែមទៀត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេស “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ដែលបាននឹងកំពុងទទួលលទ្ធផលជាផ្លែផ្កាលើច្រើនវិស័យ។
សម្តេចប្រធានរដ្ឋសភាកម្ពុជាបានវាយតំលៃខ្ពស់ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ដែលជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកល។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់ក្នុងការផ្តល់ ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទំាងពីរ ដោយសង្ឃឹមថា គម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍវិស័យឧស្សាហកម្ម ទេសចរណ៍មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
លោក ចាង ឈុនហ៊្សាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយនៅក្នុងនោះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស នឹងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈ លោក ប្រធានគណៈប្រតិភូ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើសួរសុខទុក្ខ លោក ប្រធានាធិបតី ស៊ី ជីនពីង លោក លី ខឺឈាង នាយករដ្ឋមន្រ្តី និង លោក លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងបានគោរពអញ្ជើញឯកឧត្តមប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស មកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្របណាមួយ ហើយភាគីចិនក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ៕