ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ​ប៉ុន្តែប្រជាជនចិន ស្គាល់ឈ្មោះច្បាស់

88

លោក Zhang Chunxian បានលើកឡើងដែរថា បើទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ​ប៉ុន្តែប្រជាជនចិន ជាង១ពាន់លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន។
;
នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ​ ទី២ ខែវិច្ឆិកាឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោក ចាង ឈុនហ្ស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស។

នៅក្នុងជំនួបនេះលោក Zhang Chunxian បានមានប្រសាសន៍ថា នេះគឺជាលើកទី៣ហើយ ដែលឯកឧត្តមបានមកទស្សនៈកិច្ចនៅកម្ពុជា ហើយបានកត់សម្គាល់ឃើញថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មានការរីកចម្រើនខ្លាំង លើគ្រប់វិស័យ ប្រជាជនរស់នៅ ប្រកបដោយសេរីភាព និង​សន្តិភាព។​ លោកក៏បានកោតសរសើ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ដែលបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គច្រើន និងគ្រប់បែបយ៉ាង ធ្វើឲ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប ហើយទាំងថ្នាក់ដឹកនាំ និងប្រជាជនចិន តែងតែកោតសរសើ និងដឹងគុណ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ គាំទ្រគ្នាទៅវិញទៅមក ទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិ ដើម្បីការរីកចម្រើន រួមចំណែកដល់សុខសន្តិភាព នៅក្នុងតំបន់និងពិភពលោកទាំងមូល។ លោកបន្តថា ចិនគឺតែងតែគោរព គាំទ្រកម្ពុជា ​ដើរតាមគោលនយោបាយសមស្របរបស់ខ្លួន ឥតមានលក្ខខណ្ឌទេ តាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណចំពោះអ្វី ដែលលោក Zhang Chunxian
បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិន ដែលភាគីចិន ចាត់ទុកកម្ពុជា គឺជាមិត្តដែកថែប ដែលមិនអាចបំណែកបំបាក់បាន។ សម្តេចតេជោ ក៏បានសម្តែងនូវមោទនភាព ក្នុងនាមសម្តេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែក ក្នុងការកសាងទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងទូលំទូលាយ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ លើកឡើងពី ជំនួយឧបត្ថម្ភរបស់ចិនជាបន្តបន្ទាប់, ដែលចិនមកជួយកម្ពុជា គិតចាប់តាំងពីជំនួយឥតសំណង់ សមប្បទាន ពីការឧបត្ថម្ភផ្សេងៗ ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺកម្ពុជាមិនអាចកសាងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធបាននោះទេ បើគ្មានជំនួយពីចិន។ សម្តេចបន្តថា ក្រៅពីនោះ ចិនក៏បានជួយក្នុងការធ្វើឯករាជ្យភាពផ្នែកនយបាយ ដោយមានខ្នងបង្អែកពីចិន ទើបកម្ពុជាអាចរឹងមាំបាន។

សម្តេចក៏បានជម្រាបជូនអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរថា នៅក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានក្នុងរង្វង់៧,៣ភាគរយ ដែលជាកំណើនខ្ពស់បំផុត នៅក្នុងតំបន់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០១៩ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះបីជាមានការគម្រាមកំហែង ដកប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប (​EBA) ក៏ដោយ។

ពាក់ព័ន្ធនឹងចំណុចនេះ, លោក Zhang Chunxian បានបញ្ជាក់ថា ទីផ្សារចិនធំណាស់ ដូច្នេះហើយ លោកនឹងប្រាប់ទៅកាន់ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឲ្យខិតខំជួយពង្រីកទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ ក្រៅពីនោះ លោក បានជម្រាបជូនសម្តេចតេជោដែរថា កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារជប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិតផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង