ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតណូវែលហ្សេឡង់ ថានឹងអាចពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែធំឡើងថែមទៀត

111


ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតណូវែលហ្សេឡង់ បានសម្តែងការប្តេជ្ញាចិត្តថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងមិត្តភាព ឲ្យកាន់តែជិតស្និទ្ធ រវាងណូវែលហ្សេឡង់ និងកម្ពុជា និងភាពជាដៃគូកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ដែលកំពុងដំណើរការ ទៅមុខល្អប្រសើរ ហើយទន្ទឹមនេះនឹងអាចពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែធំឡើងថែមទៀតផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យលោក តាហា ម៉ាកភៀសុន (Taha MACPHERSON) ឯកអគ្គរដ្ឋទូត ណូវែលហ្សេឡង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ចូលជួបសម្តែងការគួសម។

ឧបនាយករដ្ឋមន្រី្ត បានសម្តែងការអបអរសាទរចំពោះលោក តាហា ម៉ាកភៀសុន ដែលបានទទួលការតែងតាំង និងបានថ្វាយសារតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ លោកឧបនាយករដ្ឋមន្រី្ត បានសម្តែងនូវសេចក្តីរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ វាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណប្រទេសណូវែលហ្សេឡង់ ដែលបន្តជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍កសិកម្ម និងការរួមវិភាគទានកន្លងមក ដល់សាលាកី្តខ្មែរក្រហម។

ក្រៅពីទំនាក់ទំនងទ្វេភាគី ឧបនាយករដ្ឋមន្រី្ត និងឯកអគ្គរដ្ឋទូត ណូវែលហ្សេឡង់ បានផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញកិច្ចសហប្រតិបតិ្តការជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-ណូវែលហ្សេឡង់ ក្នុងខណៈដែលកម្ពុជា ទទួលតួនាទីជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-ណូវែលហ្សេឡង់ ឆ្នាំ២០១៨-២០២១។

ឥស្សរជនទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចពិភពលោក ដែលបច្ចុប្បន្នកំពុងមានភាពស្មុគ្រស្មាញ និងប្រែប្រួលឆាប់រហ័ស ព្រមទាំងបញ្ហាមួយចំនួនក្នុងតំបន់ ដែលមានដូចជាការវិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ និងគំនិតផ្តួចផ្តើមនិម្មាបនកម្មតំបន់។

លោកឧបនាយករដ្ឋមន្រី្ត បានមានប្រសាសន៍សី្តអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសលទ្ធផលនៃការបោះឆ្នោតសាកល កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលបង្ហាញពីឆន្ទៈរបស់ប្រជាជនកម្ពុជាចង់បានសនិ្តភាព ស្ថិរភាព និងការបន្តដំណើរការអភិវឌ្ឍន៍ដូចសព្វថ្ងៃ និងការវិវត្តស្ថានការណ៍ជាវិជ្ជមាន ក្រោយពីការបោះឆ្នោត។

លោកឯកអគ្គរដ្ឋទូត ណូវែលហ្សេឡង់ ថ្លែងអំណរគុណចំពោះការពន្យល់បំភ្លឺនេះ និងបានបញ្ជាក់ថា ទោះបីជាប្រទេសទាំងពីរ មានជំហរខុសគ្នាខ្លះទាក់ទងនឹង ស្ថានការណ៍នយោបាយ ក៏ប៉ុន្តែកម្ពុជា និងណូវែលហ្សេឡង់ នៅមានផលប្រយោន៍ និងកិច្ចសហប្រតិបត្តិការធំៗ ជាមួយគ្នាផ្សេងទៀត ដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ កសិកម្ម ពាណិជ្ជកម្ម ដែលលោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាថានឹងបន្តខិតខំជំរុញ ឲ្យកាន់តែមានការរីកចម្រើនទៅមុខថែមទៀត។

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថែមទៀតថា ប្រទេសណូវែលហ្សេឡង់ នឹងបន្តខិតខំធ្វើការរួមគ្នាជាមួយកម្ពុជា សំដៅជំរុញកិច្ចសហប្រតិ្តការលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជាតិទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានឯកភាពគ្នាថា នឹងប្រគល់ភារកិច្ច ជូនមន្ត្រីពាក់ព័ន្ធបន្តពិភាក្សាគ្នា នៅថ្ងៃមុខទៀត ដើម្បីរិះរកវិធីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង