ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍

145

បាត់ដំបង៖ នាព្រឹក ថ្ងៃទី៣ ខែ វិច្ឆិកា ២០១៨ សម្ដេចក្រឡាហោម​ ស​ ខេ​ង​ ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សម្តេចក្រឡាហោម បានថ្លែងថា ​ដោយមានការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល​ ​ក៏ដូច​ជា​មាន​សុច្ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​ចលនារបស់​ពិភព​លោក ក្នុង​ការ​ទប់ស្កាត់ និងកាត់​បន្ថយ គ្រោះ​ថ្នាក់​​ចរាចណ៍​ឲ្យ​មក​នៅ​កម្រិត​ទាបបំផុត​ គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍រៀបចំទិវានេះក្នុងគោលបំណង​ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់​ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ការដឹកលើសទំងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។​

របាយការណ៍បានបញ្ជាក់ថា ត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៧៤៥លើក បណ្ដាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន៤៧នាក់ ខេត្តកំពង់ធំ ចំនួន៣៨នាក់ និងខេត្តកំពង់ស្ពឺ ចំនួន៣០៤នាក់ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ចំនួន៤.៣នាក់ និងរបួសចំនួន១១.៤នាក់។

​សូមបញ្ជាក់ថា​ ទិវា​អន្តរជាតិ​រំលឹកដល់​ជន រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ ត្រូវ​បាន​​រាជ​រដ្ឋា​​ភិបាល​​​លើក​ទឹក​​ចិត្ត​ឲ្យ​​គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍ រៀប​ចំតាំង​ពី​ឆ្នាំ ២០០៦ ហើយដែល​ប្រារព្វលើក​ទី១ ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០០៦៕

អត្ថបទដែលជាប់ទាក់ទង