ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ១៦៣៦គ្រួសារ

114

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី ២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ១៦៣៦គ្រួសារ​ រស់នៅភូមិចំនួន​ ៧១​ ឃុំចំនួន​ ១១​ ស្រុកចំនួន​ ៤​ នៃខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ​ បានប្រារព្ធធ្វើឡើងនៅភូមិស្រែសារ​ ឃុំឈូកស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់​ និងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​ ៨​ ឧសភា​ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោត​សរសើរ​ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តចុះតាមដាន​ គិតគូរពីសុខទុក្ខ​ និងជួយ​សម្រាលការលំបាកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតឱ្យបានទាន់ពេលវេលា​ ជាពិសេសត្រូវលុបបំបាត់គ្រឿងញៀន​ ល្បែងស៊ីសង​ គ្រឿងស្រវឹង​ ដែលជាប្រភពនៃអំពើហិង្សា​ ចោរកម្ម​ និងសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ​។ ដោយឡែក​ ចំពោះអ្នកសារព័ត៌មាន​ ត្រូវផ្សព្វផ្សាយពីចំណុចសកម្មក្នុងសង្គម​ និងសមិទ្ធផល​របស់រាជរដ្ឋាភិបាលដែលបានខិតខំកសាង​ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន​ ល្បីរន្ទឺ​ក្នុង​មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​ ក្មួយៗយុវជន​ ត្រូវកសាងខ្លួននិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសង្គមជាតិបានល្អប្រសើរឡើង​ ហើយត្រូវយកចិត្តទុកដាក់ពិចារណាឱ្យបានហ្មត់ចត់ពីបណ្តាញទំនាក់ទំនងសង្គម​ Facebook, Youtube ដែលជាអាវុធមុខពីរអាចផ្តល់ផលវិជ្ជមាន​ និងផលអវិជ្ជមានដែល​ប៉ះពាល់ដល់សីលធម៌សង្គម​ និងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ​ ​ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហា​សុខភាព​ ពិសាទឹកដាំពុះ​ សម្អាតបរិស្ថានជុំវិញផ្ទះ​ និងរស់នៅមានអនាម័យ​ ហើយ​ត្រូវគោរពច្បាប់ចរាចរណ៍​ បើកបរប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពនៅពេលធ្វើដំណើរ។​ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍​ ត្រូវលេបឱសថប្រឆាំងមេរោគតាមវេជ្ជបញ្ជាគ្រូពេទ្យ​ ហើយជៀសវាងដាច់ខាតការចម្លងមេរោគទៅកាន់អ្នកដទៃ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

អត្ថបទដែលជាប់ទាក់ទង