អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Pauline CARMONA
ប្រទេសបារាំង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណេីរដោយឯកឧត្ដម ចែម វិទ្យា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង និងគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាសុី និងអូសេអានី នៃក្រសួងកិច្ចការបរទេសសាធារណរដ្ឋបារាំង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបពិភាក្សាការងារ លោកអភិបាលបានលេីកឡេីងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងបាន ថ្លែងអំណរគុណ ដល់រដ្ឋាភិបាលបារាំង ក៏ដូចជាទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក៏ដូចការបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងក្រមខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាល បានស្នើក្រសួងកិច្ចការបរទេសនៃសាធារណរដ្ឋបារាំង តាមរយៈលោកស្រី CARMONA និងនាយកដ្ឋានកិច្ចការអាសុី និងអូសេអានី បន្តការគាំទ្របន្ថែមទៀតលើកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-បារាំង និងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រមទាំងបន្តគាំទ្រលើគម្រោងនានា ដែលអាចជួយឲ្យរាជធានីភ្នំពេញអាចក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាតវៃនាពេលអនាគត។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលេីការជំរុញគម្រោងអភិវឌ្ឍន៍ខ្សែ Tramway ក្នុងជំហានទី៣នៃការសិក្សា។ លោកស្រី CARMONA បានកោតសរសើរដល់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់ព្រះរាជាណាចក្រកម្ពុជា និងបន្តគាំទ្រជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងនានា និងជំរុញឲ្យអ្នកវិនិយោគបារាំង ឲ្យមកវិនិយោគក្នុងរាជធានីភ្នំពេញលើវិស័យអភិវឌ្ឍន៍ទីក្រុង ទេសចរណ៍បៃតង និងកសិកម្មបៃតង៕