ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអគ្គស្នងការនគរបាលជាតិ ពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កដោយអ្នកស្រវឹង

28

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យឯកឧត្តម ស ថេត (អគ្គស្នងការនគរបាលជាតិ) ពិនិត្យមើលពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ ព្រោះសោកនាដកម្មណាស់។ អត់មានអ្នកណាចង់ទេ សូម្បីតែបើកក៏មិនចង់ ប៉ុន្ដែអាហ្នឹង (គ្រឿងស្រវឹង) នៅក្នុងខ្លួន អ៊ីចឹងត្រូវធ្វើមិចទប់កុំឲ្យចូលខ្លួន ហើយទៅបើកបរអត់ប្រយ័ត្នប្រយែង ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ដើម្បីឲ្យការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព មហាជន សាម៉ីខ្លួនបុគ្គលម្នាក់ៗ ត្រូវតែចូលរួមទាំងអស់គ្នា ព្រោះទាំងអ្នកបើកបរ អ្នករងគ្រោះមិនមានអ្នកណាម្នាក់ចង់ជួបហេតុការណ៍ទាំងអស់នោះឡើយ។ ការបាត់បង់សមាជិកគ្រួសារដោយសារតែគ្រោះថ្នាក់ចរាចរណ៍ គឺជាសោកនាដកម្មដែលក្រុមគ្រួសារនីមួយៗមិនចង់ជួបនោះទេ។

សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់ធំនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង ពោលគ្រោះថ្នាក់សង្គមួយនេះស្លាប់ច្រើនជាងក្នុងសម័យសង្គ្រាម ស្លាប់ច្រើនជាងដោយសារគ្រាប់បែក គ្រាប់មីន ដូច្នេះការងារនេះមិនអាចធ្វេសប្រហែស ឬមើលរំលងបាននោះទេ ពោលត្រូវពង្រឹងនូវវិធានការត្រួតពិនិត្យលើអ្នកបើកបរ ដែលស្ថិតក្រោមសារធាតុស្រវឹង។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម។

គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ដែលភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ ជាក់ស្ដែង កីឡាករវាយស៉ីជម្រើសជាតិម្នាក់ ត្រូវរថយន្ដទំនើបមួយគ្រឿងបើកបុកស្លាប់ភ្លាមៗនៅខណ្ឌទួលគោក ហើយរឿងរ៉ាវនេះក៏មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នោះដែរ ពោលក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបាន សំណងនៅឡើយ បើទោះបីជនបង្កត្រូវតុលាការសម្រេចឃុំខ្លួន៕

អត្ថបទដែលជាប់ទាក់ទង