ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម បើកទ្វារស្វាគមន៍ចំពោះ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រ ជំរុញ និងវិនិយោគលើខ្សែច្រវាក់ផលិតកម្មផលិតផលកសិកម្ម

33

 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកទ្វារស្វាគមន៍ចំពោះការសហការដ៏ស្មោះត្រង់ ពីសំណាក់ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រ ជំរុញ និងវិនិយោគលើខ្សែច្រវាក់ផលិតកម្មផលិតផលកសិកម្ម។

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍និងការពេញចិត្តចំពោះកម្មវិធីអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីហាត់ការ នៅអុីស្រាអែល ដែលពង្រឹងសមត្ថភាពជំនាញកសិកម្មរបស់និស្សិតខ្មែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង ដែលរួមមាន ការធានាសន្តិសុខស្បៀង និងការរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីគាំទ្រកសិករទាំងបច្ចេកទេស ទីផ្សារ និងសម្របសម្រួលដោះស្រាយប្រឈមផ្សេងៗ ព្រមទាំងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងច្រវាក់តម្លៃ ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត រក្សាស្ថិរភាពតម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីលើកស្ទួយវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកទ្វារស្វាគមន៍ចំពោះការសហការដ៏ស្មោះត្រង់ ពីសំណាក់ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រ ជំរុញ និងវិនិយោគលើខ្សែច្រវាក់ផលិតកម្មផលិតផលកសិកម្ម ពិសេសការកែច្នៃប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញ។ គោលដៅ គឺធ្វើយ៉ាងណាឱ្យកសិករមានផលចំណេញសេដ្ឋកិច្ច និងទទួលបានតម្លៃបន្ថែមខ្ពស់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីតម្រូវការក្នុងការអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេស និងកុំព្យូទ័រដល់និស្សិតខ្មែរ៕

 

អត្ថបទដែលជាប់ទាក់ទង