កម្ពុជានៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំង ចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសកំពុង មានសង្គ្រាមស៉ីវិល។
ការអះអាងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីក្នុងពិធីអប អរសាទរខួប ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ កងទ័ពជើងគោកយើងក៏បានចូលរួមក្នុងការបំពេញបេសកកម្មនៅក្រោមឆត្រអង្គការសហបប្រជាជាតិ ជាមួយបណ្តា អង្គភាពផ្សេងៗ ដែលបំពេញភារកិច្ចមិនត្រឹមតែចូលរួមរក្សាសុខសន្តិភាព ក្នុងប្រទេសយើង ប៉ុន្តែបានទៅជួយការពារសុខសន្តិភាព នៅប្រទេសផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីខ្ញុំទៅបារាំងលើកនេះ ក៏មានការសំណូមពរបន្ថែមឱ្យកម្ពុជា ពិចារណាក្នុងបញ្ជូនកងទ័ព ដោយសារកងទ័ពយើងមានកេរ្តិ៍ឈ្មោះ កិត្តិយស ដើម្បីទៅជួយថែ រក្សាសន្តិភាពនៅតាមបណ្តាប្រទេសផ្សេងទៀត។ តាមច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាននៅខាងក្រៅប្រទេស បើគ្មានបេសកកម្មក្រោមឆត្រ របស់អង្គការសហបប្រជាជាតិ។ អញ្ចឹងយើងនឹងបន្តចូលរួមជាមួយយន្តការបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព នៅតាមបបណ្តាប្រទេសផ្សេងទៀត យើងយល់ពីផលលំបាកនៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើងដោយសារភ្លើងសង្គ្រាម»។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពជើងគោក បានធ្វើកំណែទម្រង់ជាច្រើនក្នុងរយៈពេល២៥ឆ្នាំមកនេះ ដើម្បីឈានទៅជាកងទ័ពមួយដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួម ក្លាយទៅជាកងទ័ពមួយដែលមានស្មារតីរឹងមាំ ប្រជាជាតិតែមួយ ហើយបានពង្រឹងសមត្ថភាពខ្លួន ដើម្បីការពារទឹកដី បូរណភាពជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីការពារសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី។ កងទ័ពជាចំណែកដ៏សំខាន់ក្នុងការថែរក្សាបរិស្ថានទាំងអស់នេះ ជាពិសេសការថែរក្សាឱ្យបាននូវសុខសន្តិភាព។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មានចំនួន ៩,២៨១នាក់ (នារី ៧៦៣នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុង១០ប្រទេសមានដូចជា៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ឆាដ, សាយប្រឺស, ស៊ីរី, ម៉ាលី, យ៉េមេន, អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញបោសសំអាតមីន, កងរាជអាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, កម្ចេចគ្រាប់មិនទាន់ផ្ទុះ, វិស្វកម្មព្រលានយន្តហោះ, វិស្វកម្មសំណង់ផ្ដេក និងបញ្ឈរ, នាយទាហានសេនាធិការ និងសង្កេតការជាដើម។
បច្ចុប្បន្នកម្លាំងកម្ពុជាសរុបចំនួន ៦៤០នាក់ (នារី ១១៥នាក់) កំពុងបំពេញបេសកកម្មនៅ ៥ប្រទេមាន៖ ស៊ូដង់ខាងត្បូង, ម៉ាលី, លីបង់, អាហ្វ្រិកកណ្តាល និងសាធារណរដ្ឋកុងហ្គោ៕