ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ៣ ៦១២លានដុល្លារ
ភ្នំពេញ៖ នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានប្រមាណជា ៣ ៦១២.១២លានដុល្លារ ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ប្រចាំឆ្នាំ២០២៣ កើន ៤.៤៩% បើធៀបនឹងឆ្នាំ២០២២។
កិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលប្រមូលបាន ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំ ឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ គឺកើនឡើងចំនួន ៦២៨.២៨ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង៤.៤៩%។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា លទ្ធផលដ៏ជោគជ័យ និងជាទីមោទនៈនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។
គួររំលឹកផងដែរថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយ នៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដំណាក់កាល៥ឆ្នាំបន្ទាប់ ២០២៤-២០២៨។
ជារួមអគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនិងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។
ជាក់ស្តែង លទ្ធផលចំណូលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ នៃយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ គឺឆ្នាំ២០១៩ ទទួលបាន ១១ ២៧៧.៣២ ប៊ីលានរៀល ស្មើនឹង ១២៣.២០%, ឆ្នាំ២០២០ ទទួលបាន ១១ ៧០០.៥២ ប៊ីលានរៀល ស្មើនឹង ១០១.៣៦%, ឆ្នាំ២០២១ ទទួលបាន ១១ ២៦៦.៧៩ ប៊ីលានរៀល ស្មើនឹង ១២៤.០២%, ឆ្នាំ២០២២ ទទួលបាន ១៣ ៩៩៣.២០ ប៊ីលានរៀល ស្មើនឹង ១២២.៥៤% និងឆ្នាំ២០២៣ ទទួលបាន ១៤ ៦២៩.១០ ប៊ីលានរៀល ស្មើនឹង ១០១.១៣%។
ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងរយៈពេល ៥ឆ្នាំជាប់គ្នា គឺជាផ្លែផ្កាពិតៗ នៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល សារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ៕