ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រី និងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ

68

 

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការលែងប្រភេទត្រីនិងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។
រដ្ឋបាលជលផលលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វនិងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអង្កេតឃើញថា កន្លងទៅថ្មីៗនេះ មានបងប្អូន ខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ ប្រភេទត្រីឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូច នេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក – ចម្លងជម្ងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែល ប្រភេទត្រីឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។ បញ្ហានេះរដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។

ទន្ទឹមនេះ រដ្ឋបាលជលផល សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមលែងប្រភេទវារីសត្វដែល កំពុងរងគ្រោះថ្នាក់និងត្រីមេពូជក្នុងស្រុក ដើម្បីឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ កន្លងមកនេះ បងប្អូនប្រជានេសាទបានស្ម័គ្រចិត្តយ៉ាងផុសផុលក្នុងការលែងប្រភេទវារីសត្វដែលកំពុងរងគ្រោះ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ និងប្រភេទដទៃទៀត ដែលជា សកម្មភាពទទួលបាននូវការគាំទ្រនិងសាទរយ៉ាងខ្លាំងពីមហាជន។
រដ្ឋបាលជលផលសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋយើងបានជ្រាបនិងចូលរួមអនុវត្ត ប្រកប ដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង