ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីដកពាក្យបណ្តឹង ម្តាយជនបង្កបានសុំទោសក្រុមគ្រួសារនៃសព ករណីកូនប្រុសបើករថយន្ត Jeep បុកមនុស្សស្លាប់ម្នាក់

95

រាជធានីភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោហ៊ុន សែន លោកស្រី សុខ លីណា បានដកពាក្យបណ្ដឹងវិញ ឈប់ប្ដឹងឈ្មោះ គ្រុយ ឈឹញលាំង ជាភរិយាស.ពជនរងគ្រោះ និងសាច់ញាតិ ៣នាក់ផ្សេងទៀត ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បន្ថែមលើការដកពាក្យបណ្ដឹងនេះ លោកស្រី សុខ លីណា ក៏បានសុំទោសគ្រួសារស.ពជនរងគ្រោះ និងបានគោរពស្នើសុំឯកឧត្តម គី តិច ជួយធ្វើការសម្របសម្រួលរវាងគ្រួសារជនរងគ្រោះ និងគ្រួសារលោកស្រី ដើម្បីបញ្ចប់បញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ សុខ លីណា ដែលអះអាងខ្លួនថាត្រូវជាម្តាយរបស់ជនបើករថយន្ត Jeep បុកមនុស្សស្លាប់ បានបង្ហោះសារកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ «នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មានភាពយុត្តិធម៌ ចំពោះភាគី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ចំណេះដឹង និងបទពិសោធន៍ខ្ពស់ ណែនាំផ្សះផ្សាសម្របសម្រួលបញ្ចប់ករណីបណ្តឹងបរិហារកេរ្តិ៍របស់នាងខ្ញុំ ទៅលើក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយគោរពអនុវត្តយកគំរូតាមគោលនយោបាយឈ្នះៗ របស់សម្តេចពុក (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) ដែលជាបិតាស្ថាបនិក នៃសន្តិភាព ការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ ព្រមទាំងគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកន្លងមកលើកិច្ចការងារផ្សះផ្សាវិវាទ ចៀសវាងការប្តឹងផ្តល់គ្នានៅតុលាការ» ។

លោកស្រី សុខ លីណា បានអោយដឹងបន្តថា ៖ «នាងខ្ញុំ សូមសម្តែង នូវការសោកស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង ចំពោះការបាត់បង់ដ៏ធំធេង នូវស្វាមីជាទីគោរពស្រលាញ់ ហើយនាងខ្ញុំ និងក្រុមគ្រួសារ សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមលើកដៃប្រាំ ផ្គុំសំពះសុំអភ័យទោស និងការលើកលែងយោគយល់ពីក្រុមគ្រួសារសព ចំពោះឧបទ្ទវហេតុតាមដងផ្លូវ ដែលគ្មានអ្នកណាចង់ឱ្យកើតមាននោះឡើយ» ។

លោកស្រី សុខ លីណា អោយដឹងទៀតថា ៖ «ទន្ទឹមនឹងនេះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏សូមលើកម្រាមដៃផ្គុំសំពះសុំអភ័យទោសចំពោះការដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ដែលនាងខ្ញុំបានធ្វើទៅលើក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន កន្លងមក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ ជាពិសេស ប៉ះពាល់ដល់អារម្មណ៍ដែលកំពុងបាត់បង់ជីវិតមនុស្សជាទីគោរពស្រលាញ់ក្នុងក្រុមគ្រួសារ។ នាងខ្ញុំ និងក្រុមគ្រួសារ សង្ឃឹមថាក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន ទទួលយកនូវការសុំអភ័យទោសជាសាធារណៈនេះ ហើយយោគយល់បន្តផ្តល់ឱកាសឱ្យនាងខ្ញុំ និងក្រុមគ្រួសារ បានជួបប្រាស្រ័យទាក់ទងដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយបញ្ហាដែលនៅសេសសល់ផ្សេងៗទៀតជាពិសេសសំណងក្នុងមនោសញ្ចេតនាគោរពរាប់អាននិងសុំការយោគយល់ដោយសេចក្តីអនុគ្រោះបំផុត» ។

លោកស្រី សុខ លីណា បានបន្ថែមថា ៖ «ជាថ្មីម្តងទៀត នាងខ្ញុំ និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណជាអណេកចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានខិតខំរកដំណោះស្រាយប្រកបដោយសច្ចៈភាព សម្រាប់គូភាគី ដោយនាងខ្ញុំ និងក្រុមគ្រួសារសុខចិត្តអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ដោយសុខចិត្ត និងដោយក្តីគោរព ដកពាក្យបណ្តឹង ព្រមទាំងដោយការគោរពចំពោះក្រុមគ្រួសារលោកស្រី គ្រុយ ឈិញលាំង និងឯកឧត្តម សំរិទ្ធ សារុន» ។

ក្រោយពីដកពាក្យបណ្ដឹងវិញ បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ០៤៥ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលមានឈ្មោះ សុខ លីណា ភេទស្រី បានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី, ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី, ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ថាបានធ្វើការបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន ។

អ្នកនាំពាក្យ បញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុខ លីណា បានដាក់ពាក្យសុំដកពាក្យបណ្ដឹងរបស់ខ្លួន ដែលបានប្ដឹងខាងលើ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា «ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់ នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្តឹងរបស់អ្នកប្តឹងវិញ នាំឱ្យបណ្តឹងអាជ្ញារលត់។ ផ្អែកលើមូលដ្ឋានផ្លូវច្បានច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើ ទុកឥតចាត់ការ» ។

សូមជម្រាបឡើងវិញថា ម្ដាយជនបើករថយន្ត Jeep បុកមនុស្សស្លា.ប់ ដកពាក្យបណ្តឹងវិញ ក្រោយប្ដឹងប្រពន្ធស.ព និងសាច់ញាតិជនរងគ្រោះ ទារ៨០ម៉ឺនដុល្លារ ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CB-9963 និងម៉ូតូ បុកគ្នានៅត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុអ្នកបើករថយន្ដបានគេចខ្លួនបាត់។ ស.ពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ នាំយកទៅធ្វើបុណ្យបូជាតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្តកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕

អត្ថបទដែលជាប់ទាក់ទង