កិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈមនឹងអនុសាសន៍ទាក់ទងដំណើរការបោះឆ្នោត ឆ្នាំ២០២៣
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងរដ្ឋបាលខេត្តព្រះសីហនុ លោក តេង វណ្ឌី ប្រធាន គ.ជ.ប ខេត្តព្រះសីហនុ និងលោក កង សាវាង្ស មន្ត្រីសម្រសម្របសម្រួលអង្គការខុមហ្វ្រែល អញ្ជើញជាអធិបតី ក្នុងកម្មវិធីកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត តំណាងគណបក្ស ចំនួន៥ តំណាងអង្គការសង្គមស៊ីវិល អតីតគឃសប អ្នកសង្កេតការណ៍ និងមន្ត្រីអង្គការសម្រួលរបស់ខុមហ្វ្រែលជាច្រើនរូបទៀត។
ការរៀបចំកិច្ចពិភាក្សានេះឡើង ក្នុងគោលបំណង ដើម្បីបើកឱកាសឱ្យភាគីពាក់ព័ន្ធទាំងអស់បានជួបជុំពិភាក្សាគ្នា ស្វែងរកបញ្ហាប្រឈមដែលបានកើតឡើងក្នុងការបោះឆ្នោតកន្លងមក និងធ្វើការប្រមូលធាតុចូលយកទៅពិភាក្សានៅថ្នាក់ជាតិ ដើម្បីកែលម្អការបោះឆ្នោតឱ្យកាន់តែល្អប្រសើរឡើង ពីអាណត្តិមួយទៅអាណត្តិមួយទៀត។
លោក ឃាង ភារម្យ តំណាងរដ្ឋបាលខេត្ត បានលើកឡើងថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងមជ្ឈដ្ឋានអន្តរជាតិ វាយតម្លៃជាទូទៅថា ជាការបោះឆ្នោតមួយស្ថិតក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហឹង្សា តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
លោកបន្តទៀតថា ដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងមកនេះ សម្រាប់ខេត្តព្រះសីហនុ មានគណបក្សនយោបាយ ចំនួន ១២ បានចូលរួមប្រកួតប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន ១២៩,៥៨៧នាក់ ស្មើនឹង ៨៦.៥០% នៃចំនួនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ១៤៩,៨០៧នាក់ បានចេញទៅបោះឆ្នោត ដើម្បីសម្ដែងឆន្ទៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។
កិច្ចពិភាក្សាដែលរៀបចំឡើងដោយខុមហ្វ្រែលនាពេលនេះ ទទួលបានការចូលរួមពិភាក្សាលើប្រធានបទយ៉ាងផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ដោយស្មារតីយោគយល់គ្នា។