ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ជា សិរី ស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងព្យាករណ៍ឆ្នាំ២០២៤ ថាបន្តងើបឡើងជាលំដាប់ ជាមួយកម្រិតទាបនៃអតិផរណា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ

33

 

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដឹកនាំដោយឯកឧត្តមឯកអគ្គរាជទូត Justin Whyatt នៅធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឥទ្ធិពលនៃការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និង ការអភិវឌ្ឍប្រព័ន្ធធនាគារនិងទូទាត់នៅកម្ពុជា។

លោកជំទាវទេសាភិបាលបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ និងព្យាករណ៍ឆ្នាំ២០២៤ ថាបន្តងើបឡើងជាលំដាប់ ជាមួយកម្រិតទាបនៃអតិផរណា បើទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ ប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងបានរួមចំណែកក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ស្របពេលដែលការកើនឡើងនៃអត្រាឥណទានមិនដំណើរការស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងរំពឹងថានឹងថយចុះមកវិញក្នុងពេលខាងមុខ។

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរ ចំពោះវឌ្ឍនភាពនៃការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅកម្ពុជា ដែលបានតភ្ជាប់ជាមួយប្រព័ន្ធទូទាត់របស់បណ្តាប្រទេសក្នុងតំបន់។
ជារួម លោកជំទាវបណ្ឌិត និងឯកឧត្តមឯកអគ្គរាជទូតបានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាពិសេសកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញប្បទានបៃតង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង