ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វើកំណែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យទទួលបានលទ្ធផលពិតប្រាកដ ត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

46

 

ភ្នំពេញ ៖ នៅសល់តែ ២ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងឈានចូលមកដល់។

នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិស នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើការណែនាំតួនាទី ភារកិច្ច របស់គណៈមេប្រយោគ និងអនុគណៈកម្មការនានា ដែលមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការ គណៈមេប្រយោគ និងអនុគណៈកម្មការនានា សរុបចំនួនប្រមាណ ៣០០នាក់។

មុនស្តាប់របាយការណ៍វឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែង ដោយលោក អៀង គឹមលាង ប្រធាននាយកដ្ឋានកិច្ចការមុខងារសាធារណៈវិស័យអប់រំ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ពិសេសតំណាងក្រសួង និងអង្គភាព ដែលបានចូលរួមគាំទ្រ និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបនឹងវិធានការគន្លឹះអាទិភាពទី១ គឺការធ្វើកំណែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យទទួលបានលទ្ធផលពិតប្រាកដ ស្របតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រី គឺដាក់លើតុជូនសាធារណជន មើល និងតាមដានដោយផ្ទាល់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដែលធានាតម្លាភាព យុត្តិធម៌ និងផ្តល់ឱកាសឱ្យបានស្មើៗគ្នា ដែលបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ គឺប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី ឱ្យក្លាយទៅជាការពិត និងផ្តល់ឱកាសជូនដល់បេក្ខជន​ បេក្ខនារី​ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មិនចាំបាច់ស្គាល់អ្នកធំ មិនចាំបាច់មានខ្សែ តែចាំបាច់ត្រូវមានសមត្ថភាព។

សូមបញ្ជាក់ដែរថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ត្រូវផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព នឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេក្ខភាពចំនួន ១,៨៩២នាក់ (ស្រី ៥៧៩នាក់) ព្រមទាំងមានអ្នកសង្កេតការណ៍សរុប ចំនួន១៦១រូប៖ ១-មហាជនបានចុះឈ្មោះជាអ្នកសង្កេតការណ៍ ៤៤រូប ២-អ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ ១០រូប ៣-អ្នកសង្កេតការណ៍ សសយក ២០រូប និង ៤-អ្នកសង្កេតការណ៍ ACU ៨៧រូប៕

អត្ថបទដែលជាប់ទាក់ទង