ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ សុំការគាំទ្រពី ឯកអគ្គរដ្ឋទូតឡាវ ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ខណៈកម្ពុជា ធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំ នាចុងឆ្នាំ២០២៤ខាងមុខនេះ

36

ស្វីស ៖ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួបទ្វេភាគី ជាមួយ ឯកឧត្តម Latsamy Keomany ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសឡាវ ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណង ស្នើសុំ ភាគីឡាវ ពិចារណាចូលរួមគាំទ្រ និងចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ខណៈកម្ពុជា ធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅសៀមរាប នាចុងឆ្នាំ២០២៤នេះ ។ ពិធីជំនួបធ្វេភាគីនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ។

ក្នុងជំនួបប្រជុំនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះសមិទ្ធផលរបស់ឡាវ ក្នុងសកម្មភាពបោសសម្អាតគ្រាប់បែកចង្កោម និងកោតសរសើរដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់សកម្មភាពបោសគ្រាប់បែកចង្កោមរបស់ឡាវ ហើយ ឯកឧត្តម ក៏បានជម្រាបជូនដល់ភាគីឡាវផងដែរថា កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានខិតខំស្វែងរកកិច្ចសហប្រតិបត្តិការ និងជំនួយពីដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា ដើម្បីគាំទ្រដល់សកម្មភាពបោស សម្អាតមីនរបស់ប្រទេសឡាវ។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យភាគីឡាវពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយកម្ពុជានឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោសសម្អាតមីន និងអនុវត្តតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប ឯកឧត្តម Latsamy Keomany បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន។ ឯកឧត្តម Latsamy Keomany បានមានប្រសាសន៍ថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាន និងសកម្មភាពនានារបស់អនុសញ្ញា ហើយឡាវក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ ហើយឡាវនឹងពិចារណាលើសំណើររបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ារបស់ឡាវ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង