ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវទៅកាន់ខេត្តកោះកុង សេវាស្នាក់នៅ ម្ហូបអាហារ នឹងរៀបរយស្រេចបាច់មុនបុណ្យសមុទ្រមកដល់

188


កោះកុង៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរថា ផ្លូវធ្វើដំណើរទៅកាន់ខេត្តកោះកុង សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា នឹងរៀបរយស្រេចបាច់មុនព្រឹត្តិការណ៍ទេសចរណ៍បុណ្យសមុទ្រដ៏ធំនេះឈានចូលមកដល់។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៧ នៅសាលាខេត្តកោះកុង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅសល់ជាងមួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង នឹងឈានចូលមកដល់ ដែលនឹងប្រារព្ធឡើងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ចំពោះបញ្ហាការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីបញ្ហាផ្លូវធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុង លោក រដ្ឋមន្ត្រី ថោង ខុន បានធានាអះអាងថា បច្ចុប្បន្ននេះ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយរដ្ឋបាលខេត្តកោះកុង បាននិងកំពុងពន្លឿនការងារនេះជារៀងរាល់ថ្ងៃ ពោលកិច្ចការទាំងនេះនឹងរួចរាល់ស្រេចបាច់មុនពិធីបុណ្យសមុទ្រមកដល់។

អភិបាលខេត្តកោះកុង បានថ្លែងថា ជាការពិតណាស់ នៅពេលធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យសមុទ្រ ក្រុមអ្នកសារព័ត៌មានក៏បានឃើញពីការមមាញឹករបស់ក្រុមការងារនានា នៅតាមការដ្ឋានជួសជុលផ្លូវជាច្រើនកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤៨ ក្នុងនោះគេឃើញមានមន្ត្រីជំនាញ បុគ្គលិកបម្រើការតាមការដ្ឋាន និងគ្រឿងចក្រជាច្រើនគ្រឿងកំពុងខិតខំធ្វើកិច្ចការងារនេះយ៉ាងមមាញឹក។

លោក រដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវអភិបាលខេត្ត ក៏បានធានាអះអាងដែរថា ក្រុមការងារកំពុងដោះស្រាយបញ្ហាសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ក្នុងនោះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវមិនឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់កុំឱ្យឡើងថ្លៃហួសហេតុពេក ហើយបើតាមអង្គប្រជុំនាថ្ងៃនេះ ក្រុមការងារខាងភាគីកម្ពុជា ក៏បានសម្របសម្រួលជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរពីកម្ពុជាដែលមកទស្សនាបុណ្យសមុទ្រនៅខេត្តកោះកុង អាចឆ្លងទៅទស្សនានៅខេត្តត្រាច ប្រទេសថៃ និងស្នាក់នៅទីនោះបានផងដែរ។ ចំពោះករណីនេះ លោក រដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ថា ជាស្មារតី ប្រមុខរាជរដ្ឋាបាលបានឯកភាពនិងគាំទ្រហើយ ព្រោះលើកមុនរាជរដ្ឋាភិពាលបានអនុញ្ញាតិម្តងហើយ តែធម្មតា គណកម្មាកាអន្តរក្រសួង ត្រូវធ្វើវលិខិតស្នើសុំជាផ្លូវការ ថែមទៀត។

ក្នុងអង្គប្រជុំនេះផងដែរ លោក រដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់អនុគណៈកម្មការនានា មានដូចជា៖ សម្រាប់ខេត្តនៅជាប់មាត់សមុទ្រ ឬតាមបណ្ដាស្រុកនានានៅក្នុងខេត្តកោះកុង ប្រសិនបើមានម្ហូបអាហារដែលបញ្ជាក់ពីអត្តសញ្ញាណខេត្ត ឬស្រុករៀងៗខ្លួននោះ គប្បីចូលរួមតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមការងារត្រូវផ្ដល់ស្ដង់ម្ហូបអាហារជូនពួកគេ។ ត្រូវពន្លឿនការតុបតែងលម្អទីតាំងសំខាន់ៗមួយចំនួន អមជាមួយការបង្ហាញផ្ទាំងផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រនេះ ដូចជានៅរង្វង់មូលផ្លូវបំបែកស្រែអំបិល និងរង្វង់មូលដើមវិថីសាយភូថង។ ក្រៅពីនេះ ត្រូវដាក់បង្ហាញផ្ទាំងអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ នៅតាមសាលាឃុំ ឬនៅតាមទីតាំងរដ្ឋបាលនានា ដើម្បីផ្សព្វផ្សាយអំពីពិធីបុណ្យសមុទ្រឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុងផ្ទាល់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋបើកភោជនីយដ្ឋាន​អាហារដ្ឋាន​ផ្ទះសំណាក់ សណ្ឋាគារ​និងអាជីវកម្មសេវាកម្មនានាបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់សេវាកម្មជូនភ្ញៀវទេសចរនៅពេលមកទស្សនាបុណ្យសមុទ្រ និងនៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តកោះកុង ពិសេសត្រូវបន្តការអនុវត្តយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន»។ មួយវិញទៀត ត្រូវផ្សព្វផ្សាយពីសេវាកម្មនានាក្នុងខេត្តជូនភ្ញៀវទេសចរផងដែរ។ ត្រូវផ្សព្វផ្សាយពីស្ថានភាពផ្លូវធ្វើដំណើរជូនភ្ញៀវទេសចរឱ្យបានដឹងច្បាស់ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំឱ្យមានការព្រួយបារម្ភ ពីបញ្ហាផ្លូវធ្វើដំណើរមកទស្សនាបុណ្យសមុទ្រ។ ត្រូវផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តកោះកុងទៅដល់ប្រជាពលរដ្ឋ ពិសេសរមណីយដ្ឋានវិស្សមកាល តារាសាគរ (កោះស្ដេច) សហគមន៍តាតៃ សហគមន៍បាក់ខ្លង​សហគមន៍អារ៉ែង ច្រកព្រំដែនចាំយាម តំបន់ព្រៃកោងកាង នៅសហគមន៍ពាមក្រសោបជាដើម។

លោក រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវបំផុសឱ្យប្រជាពលរដ្ឋក្នុងខេត្ត ចេះរៀបចំផ្ទះស្នាក់ជូនភ្ញៀវទេសចរ ពិសេសត្រូវធ្វើសេចក្ដីជូនដំណឹងស្ដីពី ការស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ នៅតាមបញ្ជរព័ត៌មានទេសចរណ៍។ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា ការរៀបចំសិល្បៈ តន្ត្រី ការរៀបចំទស្សនីយភាពនានា និងការរៀបចំកិច្ចការផ្សេងៗ ក៏បាននិងកំពុងប្រព្រឹត្តទៅរលូនផងដែរ គឺមានការគិតគូរ ហាត់សមជាបណ្ដើរៗហើយដែរ។ ទាក់ទងការសម្រួលរថយន្តគ្រួសារចេញចូលទៅថៃ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា លោក គន់ ញឹម អគ្គនាយកគយ កំពុងជំរុញកែសម្រួលបែបបទថ្មីឲ្យបានស្រួល អាចឲ្យកាន់តែស្រួលជាងភាគីជិតខាងផង៕

អត្ថបទដែលជាប់ទាក់ទង