សមត្ថកិច្ចឆែកអាវុធជាតិផ្ទុះ ចាប់មន្រ្តីនគរបាលចរាចរណ៍ខេត្ដស្ទឹងត្រែង និងបក្ខពួក ដកហូតគ្រឿងញៀន ៥គីឡូក្រាម
ភ្នំពេញ ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកយុទ្ធនាការដាក់គោលដៅ រឹងបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងស្រវឹង នៅមុខមន្ទីរពេទ្យជោវៃ ភូមិជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ នឹងថ្នាំញៀន៥គីឡូក្រាម។
ក្នុងចំណោម២នាក់នេះ មានម្នាក់ជាមន្ដ្រីនគរបាលចរាចរណ៍នៅខេត្ដស្ទឹងត្រែង។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមមាន៖ ១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង និង២-ឈ្មោះ ផា វុធថា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥គីឡូក្រាម) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687។
ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕