បណ្តាញសង្គមហ្វេសប៊ុកកំពុងផ្សព្វផ្សាយផលិតផលឱសថចាក់ចំនួន១៨មុខ ដោយគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នូវផលិតផលឱសថចាក់ គ្មានចុះបញ្ជិកា និងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល។ ក្រសួងបានបន្ថែមថា បណ្តាញសង្គមហ្វេសប៊ុក បាននិងកំពុងផ្សព្វផ្សាយផលិតផលឱសថចាក់ចំនួន១៨មុខ ដោយគ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ហើយគ្រប់គណនីហ្វេសប៊ុកទាំងអស់ បានផ្សព្វផ្សាយអួតអាង បំផ្លើសហួសពីការពិតនូវផលិតផលឱសថចាក់ ដូចជា ជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជួយរក្សាវ័យឲ្យនៅក្មេង កាត់បន្ថយការផលិតជាតិ Melanin ការពារនិងបំបាត់ភាពជ្រីវជ្រួញ បណ្តុះកោសិកាថ្មី បំបាត់មុខទ្រុត មុខខ្មួត ជួយរក្សារាង កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ជាដើម។ ដើម្បីចៀសវាងការខាងបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព អាចឈានទៅដល់ការបាត់បង់អាយុជីវិត ស្លាប់ដោយគាំងបេះដូង អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល ស្នើបងប្អូនដែលចូលចិត្តប្រើប្រាស់ផលិតផលឱសថចាក់បំប៉នស្បែកទាំងនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។ ហើយក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីទាំងនោះ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលឱសថខុសច្បាប់ទាំងនោះ ព្រមទាំងប្រមូលមកវិញដើម្បីកម្ទេចចោល ។ ក្រសួងនឹងមានវិធាននការច្បាប់តឹងរ៉ឹងចំពោះម្ចាស់គណនីទាំង៦ និងគណនីផ្សេងទៀត កំពុងដែលនាំចូល ហើយផ្សព្វផ្សាយ លក់ ចែកចាយផលិតផលឱសថខាងលើ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕