ឱសថក្លែងក្លាយ បង្កប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅតាមទីជនបទ
ភ្នំពេញ៖ សន្និសីទតំបន់ ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ពិតជាមានសារសំខាន់សម្រាប់សុខភាពប្រជាជន ពីព្រោះឱសថក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅតាមទីជនបទ ដែលប្រើប្រាស់ឱសថក្លែងក្លាយនោះ។ លោកស្យង់ ដេវិត ឡឺវិត ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ នឹងស្នើឲ្យគណៈកម្មការរៀបចំ និងក្រុមការងារបានត្រួតពិនិត្យពិចារណា ទៅលើសេចក្តីប្រកាសពីក្រុងភ្នំពេញ និងការអនុវត្តទៅមុខទៀត តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការ ការពារប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះ ឱ្យមានប្រសិទ្ធភាព។
នៅវិមានសន្តិភាព រសៀលថ្ងៃអាទិត្យទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្យង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ។
ជំនួបនេះ ក្នុងឱកាសដែរលោក Jean David Levitte ត្រូវបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទតំបន់ ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកា នាសណ្ឋាគារសូហ្វីតែល ហើយវាជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសបារាំង និងកម្ពុជា ក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ។ ក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានសម្ដែង នូវក្តីរីករាយដែលបានជួបជាមួយលោក Jean David Levitte សារជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីពេលមុន កាលពីអំឡុងខែតុលា ឆ្នាំ២០១១ ដែលពេលនោះ ដែលសម្ដេចតេជោ និងលោក បានឯកភាពគ្នាក្នុងការសហការរៀបចំ ឲ្យមានសន្និសីទតំបន់ ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ លោកដែលបានជ្រើសរើសកម្ពុជា ធ្វើជាទីតាំងសម្រាប់ការធ្វើសន្និសីទ ប្រចាំតំបន់នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា តាមរយៈសន្និសីទតំបន់នេះ គឺមានការចូលរួមពីបណ្ដាប្រទេស នៅក្នុងតំបន់ជាពិសេសប្រទេស ក្នុងតំបន់មេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការអន្តរជាតិ ជាង២០ផ្សេងៗទៀត ដែលបានចូលរួមក្នុងសន្និសីទតំបន់ ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ដែលធ្វើឡើងនៅថ្ងៃទី៥ខែវិច្ឆិកានេះ។
លោក Jean David Levitte ពិតជារីករាយដែលបានជួបសម្ដេចតេជោ សារជាថ្មី ហើយបានរំលឹកពីអនុស្សាវរីយ៍ដែលលោកបានចូលរួមក្នុងការចរចារ ស្វែងរកសន្តិភាពនៅប្រទេសបារាំង ដែលក្នុងនោះបារាំងបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការសម្របសម្រួល ស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។ លោកបន្តថា ពេលដែលលោកបានចុះពីព្រលានយន្តហោះមក គឺមានការរំភើបដែលឃើញប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។
លោក Jean David Levitte មានជំនឿជឿទុកចិត្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងគំនិតផ្ដួចផ្ដើមក្នុងការបង្កើត ឲ្យមានសន្និសីទតំបន់នេះឡើង ពិតជាមានសារសំខាន់សម្រាប់សុខភាពប្រជាជន ពីព្រោះឱសថក្លែងក្លាយនេះ វាប៉ះពាល់ដល់ប្រជាជនយ៉ាងច្រើន ជាពិសេសប្រជាជននៅតាមទីជនបទ ដែលប្រើប្រាស់ឱសថក្លែងក្លាយនោះ។ លោកក៏បានជម្រាបថា គណៈកម្មការរៀបចំ និងក្រុមការងារបានត្រួតពិនិត្យពិចារណា ទៅលើសេចក្តីប្រកាសពីក្រុងភ្នំពេញ និងការអនុវត្តទៅមុខទៀត តើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការ ការពារប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនេះ ឱ្យមានប្រសិទ្ធភាព។ លោកក៏បានបង្ហាញថា បន្ទាប់ពីសន្និសីទនេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេ គឺអាចតំបន់អាស៊ានទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។ លោក ក៏បានអបអរសាទរផងដែរ ចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ ខាងមុខ។
ជាការឆ្លើយតប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយសណាស់ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទប្រចាំតំបន់ ដោយសម្ដេចបានមានប្រសាសន៍ថា ឱសថក្លែងក្លាយ គឺជាឃាតករលាក់មុខមួយ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍទាំងអស់ តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ ហើយសម្តេចសង្ឃឹមថា តាមរយៈសេចក្តីថ្លែងការណ៍ ទីក្រុងភ្នំពេញដែលនឹងចេញបន្ទាប់ពីសន្និសីទនៅថ្ងៃទី៥ខែវិច្ឆិកានេះ នឹងមានការចាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងៗទៀត។
សម្តេចតេជោ ក៏បានឯកភាពក្នុងការពង្រីកវិសាលភាព នៃសន្និសីទតំបន់នេះ ដើម្បីឲ្យប្រទេសដទៃទៀតបានយល់ដឹង និងសុំឲ្យប្រទេសធំៗខ្លះ អាចជួយគាំទ្រឲ្យដំណើរការ ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនេះ កាន់តែមានប្រសិទ្ធភាពតទៅមុខទៀតផងដែរ៕