ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱសថក្លែងក្លាយ កំពុងចរាចរណ៍យ៉ាងសកម្ម នៅតាមទីផ្សារអនឡាញ សម្តេចតេជោ ស្នើផ្តន្ទាទោសជនល្មើសចរាចរឱសថក្លែងក្លាយ

67


ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កាលពីពេលកន្លងទៅ។ សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ នៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម រួមទាំងប្រទេសចិន និងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។

សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភបំផុតមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សន្និសីទនេះមានសារសំខាន់ណាស់ ដោយបានផ្តល់ឱកាសឲ្យមានការរួមគ្នា ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាសាកល។ ឱសថមានសារសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយកំពុងក្លាយ ទៅជាការបង្កទុក្ខទោសដល់សុខភាព របស់ប្រជាពលរដ្ឋ និងរាំងស្ទះ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយ កំពុងចរាចរណ៍យ៉ាងសកម្ម នៅតាមទីផ្សារអនឡាញ។ ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយ ធ្វើតែឯង ហើយទទួលបានជោគជ័យនោះទេ គឺត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរ ដល់ជនល្មើស ដែលចរាចរណ៍ឱសថក្លែងក្លាយ។ កង្វះនៃកិច្ចសហប្រតិបត្តិការ របស់ស្ថាប័នពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការ បង្រ្កាបឱសថក្លែងក្លាយ មិនទទួលបានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៨០ នៅពេលខាងសុខាភិបាល ចុះទៅចាប់ឱសថក្លែងក្លាយ ខាងសុខាភិបាល តែងតែចាញ់អ្នកលក់ ព្រោះខាងផ្នែកពន្ធដារ បានទៅយកពន្ធ ពីកន្លែងអ្នកលក់ឱសថទាំងនោះ ដែលជាហេតុធ្វើឲ្យអ្នកលក់ លើកហេតុផលសំអាងថា ពួកគេមានភាពស្របច្បាប់ ដូច្នេះពេលឡើងតស៊ូមតិនៅតុលាការ គឺក្រសួងសុខាភិបាល តែងតែចាញ់អ្នកលក់ឱសថ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ន ពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការ បង្រ្កាបឱសថក្លែងក្លាយ មិនទទួលបានប្រសិទ្ធភាព​ ហើយសម្តេចតេជោ ចង់ឲ្យយកវេទិកា ស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព ទៅដាក់នៅក្នុងកិច្ចពិភាក្សាថ្នាក់តំបន់ផ្សេងៗទៀត ដូចជា កិច្ចប្រជុំអាស៊ាន ឬកិច្ចប្រជុំមេគង្គ-ឡានឆាងជាដើម៕


អត្ថបទដែលជាប់ទាក់ទង