ផ្ទុះមីន នៅក្នុងស្រុកសំឡូត បណ្តាលឱ្យបុរសម្នាក់ រងរបួសជើងទាំង២ និងរបួសដៃ
ខេត្តបាត់ដំបង ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងថាកសិករគាស់មើមល្មៀតក្នុងចំការ ប៉ះគ្រាប់មីនផ្ទុះ បង្កឱ្យរងរបួសធ្ងន់ធ្ងរ! នេះជាគ្រាប់មីនសំណល់សង្គ្រាមហើយករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤! ។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “នេះជាសោកវិនាសកម្ម នៃមរតកសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជនកម្ពុជា!! ។ ខ្ញុំសូមចូលរួមសោកស្តាយជាមួយជនរងគ្រោះនិងគ្រួសារ! “។
មានឧប្បត្តិហេតុផ្ទុះមីន (មីន ៦៩) បានបណ្តាលឱ្យប្រជាពលរដ្ឋ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសជើងទាំង២ និងរបួសដៃ។ ហេតុការណ៍នោះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរទៅចម្ការដើម្បីគាស់ល្មៀត យកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យបាត់ដំបងដោយរថយន្តយោធា។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕