ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាមនិងភាពអត់ឃ្លាន​ នៅប្រទេសយ៉េមែន កើតចេញពីចលនាបដិវត្តពណ៌

97

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៨ បានបញ្ជាក់ថា នៅប្រទេសយ៉េមែន សង្គ្រាមបន្តសម្លាប់មនុស្ស​រាប់ម៉ឺននាក់​ និងអ្នកអត់ឃ្លាន គ្មានអាហារធ្ងន់ធ្ងរមានជាង៨លាននាក់​ អ្នកខ្វះខាតអាហារមានជាង១៨,៤​ លាននាក់។ ភាពអត់ឃ្លាននេះ បានវាយលុកទៅលើសុខភាពកុមារ យ៉ាងខ្លាំងក្លា​! តើពួកពូកែខាងសិទិ្ធមនុស្ស​ ប្រជាធិបតេយ្យលើលោកនេះ ទៅណាអស់ហើយ! សង្គ្រាមនេះ អារ៉ាប់ប៊ីសាអូឌី​ បានប្រើប្រាស់អាវុធទំនើបៗ ផ្តល់ឱ្យដោយរដ្ឋបាលអាមេរិកនិងអង់គ្លេស​ បន្តសម្លាប់រង្គាលប្រជាជនយ៉ែមែន!។
លោកហេង រតនា បានបន្ថែមថា សង្គ្រាមបានចេញដំណើរពីឆ្នាំ២០១៥​ មានកំណើតពីចលនាបដិវត្តពណ៌ កើតឡើងនិងរាលដាល ក្នុងតំបន់មជ្ឈិមបូព៌ារួមមាន​ ប្រទេសស៊ីរី​ ប្រទេសលីប៊ី​ ទុយនេស៊ី ​ជាដើម!។ ដោយសារប្រទេសយ៉េមែន ជាតំបន់វាលខ្សាច់​ គ្មានការបង្កបង្កើតផល​ គឺគ្មានលទ្ធភាពរស់តាមបែបធម្មជាតិទេ។

ប្រជាជនកម្ពុជា ​បានឆ្លងកាត់សង្គ្រាមជាង៣៥ឆ្នាំ​ (១៩៦២-១៩៩៨)​ រងការទម្លាក់គ្រាប់បែក យ៉ាងជោកជាំ​ សង្គ្រាមឈ្លប​ សង្គ្រាមទ័ពព្រៃ​ សង្គ្រាមស៊ីវិល​យ៉ាងយូរអង្វែងនេះ​ បានសម្លាប់ប្រជាជនកម្ពុជា រាប់លាននាក់។ ភាពអត់ឃ្លាន​នៅកម្ពុជា​ មានសម្បត្តិធម្មជាតិ ជួយចិញ្ចឹមដោយសម្បូរចំណីធម្មជាតិ មានដូចជា ត្រី​ បន្លែ​ ផ្លែឈើព្រៃជាដើម ដែលអាចជួយឱ្យរស់បានខ្លះៗដែរ​ តែដោយសារសង្គ្រាម ក៏ពិបាកវេទនាដដែល​ ព្រោះតែការតាមសម្លាប់គ្នាទៅវិញទៅមក!។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា “ខ្ញុំធ្លាប់បានភ្លក់រសជាតិ នៃភាពវេទនាភាពអត់ឃ្លាននេះ ​ឆ្លងកាត់សម័យសង្គ្រាម​ របបប្រល័យពូជសាសន៍​ និងដំណាក់កាលដំបូងក្រោយថ្ងៃរំដោះ​ (១៩៧៩-ដើមទសវត្ស​រ៍៨០)! ដូចនេះ ព្រះរាជាណាចក្រនេះ​ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃវាជាភព្វសំណាង និងជាមហាជោគជ័យ ក្រោមការដឹកនាំរាជរដ្ឋាភិបាល របស់សម្តេចតេជោសែន! សូមកុំនាំគ្នាភ្លេចគ្រាដ៏មហាទុក្ខលំបាក កើតមានជាក់ស្តែង នៅលើទឹកដីរបស់ព្រះរាជាណាចក្រ ដ៏កម្សត់ខ្លោចផ្សារបស់យើងឱ្យសោះ! ៕

អត្ថបទដែលជាប់ទាក់ទង