ចាប់ស្រ្តី៣នាក់ តំណាងឲ្យសហគមន៍រងគ្រោះដីធ្លី ដែលយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ ស្រ្តី៣នាក់ ដែលជាតំណាងឲ្យសហគមន៍រងគ្រោះដីធ្លីសហគមន៍ SOS ថ្មគោល សហគមន៍ មកពីកោះកុង និងអតីត បឹងកក់ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី៥ខែវិច្ឆិកានេះ ខណៈរូបគាត់ និងអ្នករងគ្រោះបញ្ហាដីធ្លីជាច្រើននាក់ មកពីសហគមន៍ផ្សេងទៀត នាំគ្នាយកញត្តិទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីឲ្យសម្តេចតេជោ ជួយរកដំណោះស្រាយជូនពួកគាត់ ដែលជាអ្នករងគ្រោះ។
ជាមួយនឹងហេតុការណ៍ចាប់តំណាងសហគមន៍ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ក្រុមសមាជិកសហគមន៍ បានស្នើសូមអ្នកកាសែតជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ជួយឃ្លាំមើលផង ខណៈពេលនេះគាត់ កំពុងត្រូវបានឃាត់ខ្លួន នៅខណ្ឌដូនពេញ ក្បែរផ្សារកណ្ដាល។
អ្នកចាប់ខ្លួន មាន: ១. អ្នកស្រី ស៊ា ណារ៉េត អតីត បឹងកក់ ២. អ្នកស្រី ច្រាយ នីម ថ្មគោល ៣.អ្នកស្រី ព្រាប រដ្ឋា សហគមន៍មកពីកោះកុង ។
អ្នកមានជំលោះដីធ្លីជាច្រើននាក់ មកពីតំបន់ផ្សេងគ្នា ត្រូវបានអាជ្ញាធរហាមឃាត់ មិនឲ្យតវ៉ានៅខាងមុខសួនច្បារមុខផ្ទះសម្តេចតេជោ នាយករដ្ឋមន្ត្រី ខណៈពួកគេព្យាយាមយកញត្តិ ទៅដាក់នៅខុទ្ទកាល័យ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨៕