ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ញឹម គឹមញ៉ុល អះអាងថា សម្ដេចបវរធិបតី មានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជា ឲ្យមានភាពរីកចម្រើន

39

 

ភ្នំពេញ ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធានក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៧កុម្ភៈ នៅមន្ទីរបក្សរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ដោយមើលឃើញពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ល្អ ដោយសម្ដេចបវរធិបតីមានចំណេះដឹងខ្ពង់ខ្ពស់ អាចដឹកនាំប្រទេសជាតិកម្ពុជាយើងឲ្យមានភាពរីកចម្រើន ពិសេសដឹកនាំប្រទេសកម្ពុជាដល់ឆ្នាំ២០៣០-២០៥០ ក្លាយជាប្រទេសជឿនលឿន មានចំណូលខ្ពស់ បើទោះបីរូបលោកមិនបានរស់ដល់ឆ្នាំ២០៥០មែន ប៉ុន្តែកូនចៅជំនាន់ក្រោយ នឹងមានជីវភាពធូរធារសម្បូរសប្បាយ។ ដោយមើលឃើញពីកត្តាទាំងនេះហើយ ទើបរូបលោកសម្រេចចិត្តចុះចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ញឹម គឹមញ៉ុល ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឲ្យរូបលោក បានរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណផងដែរ ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចបានសន្ដោសប្រណី ដោយធ្វើលិខិតស្នើសុំទៅព្រះមហាក្សត្រ ឲ្យលើកលែងទោសចំពោះរូបលោក។

លោកបានចាកចេញពីប្រទេសកម្ពុជាជាច្រើនឆ្នាំដែរហើយ តែពេលត្រឡប់មករាជធានីភ្នំពេញនាពេលនេះ គឺពិតជាធ្វើឲ្យលោកមានការភ្ញាក់ផ្អើលដោយរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះការសម្រេចចិត្តរបស់លោកមករស់នៅជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

លោកក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូនមួយចំនួន ដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី សូមក្រឡេកមើលមកប្រទេសកម្ពុជាផង ថាតើ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍ ដល់ណាហើយ កុំចេះតែលឺថា ចេះតែជឿតាមគេ ដែរយើងមិនបានឃើញជាក់ស្ដែងនោះ។ សម្ដេចតេជោ មានភាពសន្ដោសប្រណីខ្លាំងណាស់។ បើយើងចង់រួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ពេលណា គឺសម្ដេចសន្តោសប្រណីឲ្យយើងចូលភ្លាម។

ខ្មែរក្រហម, សម្ដេចតេជោធ្វើការបង្រួបបង្រួមបាន ចុះរឿងអីយើងខ្មែរ មានតែគណបក្សមួយ ហេតុអី សម្តេចបង្រួបបង្រួមមិនបាននោះ ជាក់ស្ដែងរូបលោកជាទឹកតាងបញ្ជាក់ច្បាស់។ សម្ដេចតេជោហ៊ុន សែន នៅអាចដឹកនាំប្រទេសបាន តែសម្ដេចបានផ្ទេរអំណាចទាំងនេះ ទៅឲ្យក្មេងជំនាន់ក្រោយបន្តដឹកនាំប្រទេស ដែលធ្វើឲ្យយុវជនជំនាន់ក្រោយមានឱកាសបញ្ចេញសមត្ថភាព ក្នុងការដឹកនាំកសាងប្រទេសឲ្យមានភាពរីកចម្រើន។ ថ្នាក់ដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា មិនក្រាញអំណាចទេ គឺបានផ្ទេរអំណាចទៅឲ្យយុវជនជំនាន់ក្រោយ។

លោកសូមផ្ដាំផ្ញើទៅយុវជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយ ងប់ងល់ទៅនឹងទណ្ឌិត សម រង្ស៊ី សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសុំទៅសម្ដេចបវរធិបតី ដើម្បីស្នើសុំទៅព្រះមហាក្សត្រ លើកលែងទោស នោះបងប្អូននិងអាចរួមរួម ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបានមករស់នៅក្នុងប្រទេសកម្ពុជាបានហើយ៕

អត្ថបទដែលជាប់ទាក់ទង