ស្ត្រីជាសន្តិសុខម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ទៅធ្វើការត្រូវរថយន្តឡិចស៊ី បុកស្លាប់លើផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ ស្ត្រីជាសន្តិសុខម្នាក់បានស្លា.ប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ ខណៈពេលជិះម៉ូតូចេញពីផ្ទះទៅធ្វើការបត់ឆ្លងផ្លូវត្រូវរថយន្តម៉ាកLexusRX300បើកដោយបុរសម្នាក់មកលឿនបុកពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ រឿន សោភ័ណ្ឌ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ អាស័យដ្ឋាន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
អ្នកបើករថយន្តបង្កមានឈ្មោះ យឹម សារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិល្មុត ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៏មានបានប្រាប់ឲ្យដឹងថា មុនពេល កើតហេតុគេឃើញស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកនិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1FE-0563 ជិះចេញពីផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យមខណះពេលជិះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឆ្លងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពេលនោះដែរស្រាប់តែមានរថយន្តបង្កម៉ាក LexusRX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-1842 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បុរសជាអ្នកបើកជាន់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូបោកនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្កបានបួងចង្កូតបត់ត្រឡប់ក្រោយព្យាយាមបើករត់គេចខ្លួន គាប់ជួនសមត្ថកិច្ចអន្តរាគមន៏ក្រុង បានធ្វើដំណើរឆ្លងកាត់ ឃើញហេតុការណ៍ ក៏ជួយរថយន្ត ប្រដេញតាមពីក្រោយរហូតឃាត់បានទាំងអ្នកបើកបរនិងរថយន្តតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕