ស្ដ្រីមេតុងទីនម្នាក់ ត្រូវតុលាការ ឃុំខ្លួន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥វិច្ឆិកានេះ ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំ ខ្លួនស្រ្តីម្នាក់ជាមេតុងទីន ដែលបានបោកគ្រាប់បែករត់ចោលកូនតុងទីន ដែលក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ា ជិត៥០០នាក់ សរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ រួចបានវិចបង្វិចរត់គេចអស់រយៈពេលជាង៥ខែ។
នៅពេលដែលនគរបាលបានបញ្ជូន ស្រ្តីជាមេតុងទីនខាងលើ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្រាប់តែស្ដ្រីរូបនេះ បានបោះពាក្យសម្ដីទៅកាន់កូនតុងទីនថា សុខចិត្តយកលុយ ៤ ទៅ៥ម៉ឹនដុល្លារ ទៅបុកនៅតុលាការវិញ ក៏មិនសងដែរ។
កម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ស្រ្ដីរូបនេះ ត្រូវបានកម្លាំងនគរបាលបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្សារកាណាស៉ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាកូនតុងទីន។
ក្រុមអាជីវករដែលជាជនរងគ្រោះ បានឲ្យដឹងថា ស្រ្តីដែលជាមេតុងទីនបោកខាងលើឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កូនតុងទីនបាន បានរៀបរាប់ថា ស្ត្រីដែលជាមេតុងទីនខាងលើ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល។ ពួកគាត់មានអ្នកមានអ្នកខ្លះលេងរយៈពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗអ្នកខ្លះបង់តិចបំផុតជាង១,០០០ដុល្លា រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន។
ប្រភពពីកូនតុងទីន បានឲ្យដឹងបន្តទៀតថា ជាបន្តបន្ទាប់រយៈពេលជាង៦ឆ្នាំមកនេះ ស្រ្តីជាមេតុងទីនខាងលើ បានលេងជាមួយកូនតុងទីនយ៉ាងល្អប្រសើរ តែគិតត្រឹមរយៈពេលជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឲ្យកូនតុងទីនផ្សេងៗដេញយក តុងទីនដែលងាប់នោះឡើយ ហើយប្រុងរត់ចោលកូនតុងទីនទាំងអស់ ដោយគេចវេសមិនខ្ចីលើកទូរស័ព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយៈពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះបានដឹងថា មេកំពុងតែវិចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្រ្តីជាមេតុងទីននោះនៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់៕