ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្តិភាព ធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ

61

 

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាកម្ពុជាមានសក្តានុពលជាច្រើនសន្ធឹកសន្ធាប់ទំាងសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប៉ុន្តែដោយសារភ្លើងសង្រ្គាម បានធ្វើឱ្យកម្ពុជាយឺតយ៉ាវឬរំលេងសក្តានុពលដែលមាន តួរយ៉ាងដូចជា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាដើម។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគម ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍នៅក្នុងការត្រៀមរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ ដែលនឹងប្រព្រឹត្ដទៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។

នៅក្នុងឱកាសនោះសម្តេចរដ្ឋសធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិពេញលេញ ដែលបានមកពីពលិកម្មយ៉ាងធំធេងរបស់មគ្គុសទេសក៍ដ៏ឆ្នើម គឺ សម្តេចតេជោ ហ៊ុន សែន ហើយសន្តិភាពនិងស្ថិរភាពសង្គម បានបន្តថែររក្សានិងការពារយ៉ាងម៉ឹងម៉ាត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ក្នុងការដឹកនាំនាវាកម្ពុជាឈានឆ្ពោះកាន់វឌ្ឍនភាពជាបន្តទៅទៀត។

លោកបណ្ឌិត ឆាយ ស៊ីណាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចរដ្ឋសភាធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមចូលជួបសម្តែងការគួរ និងទទួលអនុសាសន៍នាឱកាសនេះ។ លោកបណ្ឌិត ប្រធានសមាគម បានរាយការណ៍ពីការងារនិងសមិទ្ធផលដែលសមាគមសម្រេចបាន នាពេលកន្លងមនៅក្នុងការចូលរួមលើកកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជា។ ក្រៅពីការធ្វើជំនួញ និងការកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សមាគមក៏បានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ នៅក្នុងនោះក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ តាមរយៈការផ្តល់តម្លៃដល់ស្នាដៃចម្លាក់របស់បងប្អូនស្រ្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាថា ជាព្រឹត្តិការណ៍សំខាន់ ពីព្រោះមិនត្រឹមជួយដល់លើកកម្ពស់វិស័យគ្រឿងអលង្ការប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីបរទេស មកបណ្តាក់ទុននៅកម្ពុជានិងជាឱកាសដែលកម្ពុជាអាចស្រូបទាញអ្នកទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគ ស្របពេលដែលយើងបង្ហាញពីប្រពៃណី ទំនៀមទំលាប់ សម្បត្តិវប្បធម៌ជាតិ ស្នាដៃសិល្បៈចម្លាក់របស់កូនខ្មែរ ដល់ភ្ញៀវបរទេសបានស្គាល់ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាកម្ពុជាជាទឹកដីសុវណ្ណភូមិ ដែលមានពោរពេញដោយសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការរក្សាបាននូវសុខសន្តិភាពគឺកម្ពុជានឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាពនិងការអភិវឌ្ឍជាចំណងពីរលើខ្សែតែមួយ។ សម្តេចក៏បានជំរុញលើកទឹកចិត្តផងដែរ ឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយប្រណីតភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង