ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រសួងការងារ ត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា

49

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងការបិទសន្និបាតហើយនោះ ក្នុងកម្មវិធីរសៀលថ្ងៃនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨» ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។ សម្តេចបានថ្លែងនូវការអរគុណ និងកោតសរសើរដល់ឯកឧត្តម អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន ពេលកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង «ប្រជាជនម្នាក់មានអាជីពមួយ» ។ ក្រសួងការងារ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេសសំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ពាក់ព័ន្ធទៅនឹងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅថៃ ទទួលបានផ្លែផ្កាធំៗចំនួន៣។ សម្តេចបានថ្លែងទៀត ថា រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ជាមួយទុនជិត ៤ពាន់លានដុល្លារ។ សម្ដេចបន្តថា កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា។ ការព្រមព្រៀងជាមួយថៃយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ដោយចោទជាសំណួរថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ? ។ សម្តេចធិបតីបានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានដែរ។ សម្តេចបានថ្លែងទៀតថា នាយករដ្ឋមន្ត្រីថៃបាន ឯកភាពតាមសំណើសម្តេច មិនយកថ្លៃទិដ្ឋាកាពីពលរដ្ឋខ្មែរដែលចេញមកលេងចូលឆ្នាំនៅខ្មែរនោះទេ។ សម្តេចក៏បានណែនាំឱ្យទូតខ្មែររៀបចំកម្មវិធីលេងកម្សាន្តជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ ជាមួយគ្នានោះសម្តេចបានស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង