ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចូលជួប នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម អគ្គនាយកសមាគមអតីតយុទ្ធជនសង្រ្គាមថៃ ដើម្បីរិតចំណងមិត្ដភាពជាដៃគូរយុទ្ធសាស្រ្ដ

34

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រថៃ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលជួបជាមួយ សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ទ្វេភាគី ក្នុងគោលបំណង រិតចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ ។ ពិធីជំនួបនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការរាជធានីបាងកក ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង គណៈប្រតិភូ នាពេលនេះ។ បន្ថែមពីនេះ អគ្គនាយក អតីតយុទ្ធជនសង្រ្គាមថៃ បានសម្តែងនូវក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតនូវអនុស្សារណៈយោគយល់គ្នារវាងសមាគមអតីតយុទ្ធជនកម្ពុជា និង សមាគមអតីតយុទ្ធជនសង្រ្គាមថៃ ។
ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ដេតនីទីត ល្លួងងាំកុម ( Detnitit Luangngamkum ) អគ្គនាយក សមាគមអតីតយុទ្ធជនសង្រ្គាមថៃ និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរ ដែលប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី ភាពជាដៃគូរដើម្បីសន្តិភាព និងវិបុលភាព ទៅជាភាពជាដៃគូរយុទ្ធសាស្រ្ត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា គោលបំណងនៃការបង្កើត អនុស្សារណៈយោគយល់គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ជាពិសេសបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មីមួយ សម្រាប់ជា​គុណប្រយោជន៍ដល់អតីតយុទ្ធជនទាំងពីរប្រទេស កម្ពុជា ថៃ និយាយដោយឡែក និងក្របខ័ណ្ឌសហព័ន្ធអតីតយុទ្ធជនអាស៊ាននិយាយជារួម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា អតីតយុទ្ធជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវធិបតីនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និង​ដោះស្រាយលើបញ្ហាជាឤទិភាព​សំខាន់​ៗ​​របស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រ​ប់វិស័យ រួម​ទាំងការអនុវត្តគោលនយោបាយជាតិស្តីពី​អតីត​យុទ្ធជន តាមរយៈការខិតខំប្រឹងប្រែង​បង្កើន​ស​កម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើក​កម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់ លើកស្ទួយកម្រិតជីវភាពរស់នៅ​របស់​​ប​ងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជ​ន ការគាំ​ពា​រ​​សុខភាពនិងការឧបត្ថម្ភសម្ភារ​ចាំបាច់​ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះ​ស្រា​យការងារ មុខរបរ ការផ្តល់សម្បទាន​ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យ​ពួ​កគេមានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់​ជីវភា​ព​គ្រួ​សារឱ្យកាន់តែល្អប្រសើរ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង