សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពាក់ព័ន្ធករណី លួច ម៉ូតូ
ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពាក់ព័ន្ធករណី លួច ម៉ូតូ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង៣០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន ង៉ាំ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអធិការបន្តថា ជនសង្ស័យឈ្មោះ សុន ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយ ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួននៅចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CN-7719 មានលេខតួ និងលេខម៉ាស៊ីន9170110 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាកOPPO ពណ៌ស្វាយចំនួន០១គ្រឿង (របស់ជនសង្ស័យ)។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្ថែមថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង០០នាទី ជនរងគ្រោះឈ្មោះ សួន ង៉ាំ បានទុកម៉ូតូ០១គ្រឿង នៅខាងមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនបានដកកូនសោរចេញពីម៉ូតូ ហើយជនរងគ្រោះក៏បានឱ្យកូនស្រីឈ្មោះ ង៉ាំ រ៉ូហ្សា អាយុ១៧ឆ្នាំ នៅលក់ដូរនំប៉័ងមុខផ្ទះ រួចជនរងគ្រោះក៏បានយកម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IT-7036 របស់កូនស្រីទៅលក់នំប៉័ងនៅមុខរោងចក្រ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់មកក៏មានជនសង្ស័យឈ្មោះ សុន ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ បានមកទិញនំប៉័ងគៀប រួចឈ្មោះ ង៉ាំ រ៉ូហ្សា ក៏បានរៀបចំធ្វើនំប៉័ងគៀបលក់ឱ្យជនសង្ស័យ រួចជនសង្ស័យក៏បានដើរចេញទៅបាត់ ហើយឈ្មោះ ង៉ាំ រ៉ូហ្សា ក៏បានដើរទៅធ្វើការងារនៅខាងក្រោយផ្ទះ។ រហូតដល់វេលាម៉ោង១៤នឹង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានមកធ្វើសកម្មភាពលួចម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CN-7719 មានលេខតួ និងលេខម៉ាស៊ីន9170110 របស់ជនរងគ្រោះបញ្ឆេះជិះគេចខ្លួន រួចឈ្មោះ ង៉ាំ រ៉ូហ្សា បានលឺសម្លេងបញ្ឆេះម៉ូតូនៅខាងមុខផ្ទះ ក៏បានរត់ចេញទៅមើល ឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនទៅតាមផ្លូវជាតិលេខ២ ពីកើតទៅលិច រួចឈ្មោះ ង៉ាំ រ៉ូហ្សា ក៏បានស្រែកឆោឡោថាចោរៗ ដើម្បីឱ្យគេជួយ និងទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសឱ្យជួយអន្តរាគមន៍។ ហើយក៏មានកម្លាំងសមត្ថកិច្ចយើងដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ ក៏បានទៅជួយធ្វើការអន្តរាគមន៍តាមរកជនសង្ស័យ រហូតដល់ចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួច ម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួល ពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕