ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច ត្រូវម្ចាស់ទូរស័ព្ទជិះដេញតាម ស្រាប់តែដួលម៉ូតូត្រូវបាននគរបាលក្របួចបាន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់សុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយម្នាក់ធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៤ដង និងម្នាក់ទៀតចំនួន៦ដង ប៉ុន្តែមិនព្រមកែខ្លួនទាល់តែសោះ ។ មិនតែប៉ុណ្ណោះឥឡូវនេះបាន ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវបានសម្រេច តែពេលជិះគេចខ្លួនភ័យនឹងជនរងគ្រោះជិះម៉ូតូដេញតាមហើយស្រែកថាចោរៗ ស្រាប់តែដួលម៉ូតូក៏ត្រូវបាននគរបាលនិងប្រជាពលរដ្ឋចាប់បានតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ដែលត្រូវចាប់ខ្លួនបានខាងលើ ក្នុងនោះម្នាក់ឈ្មោះចេង សុខជាវុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្លាប់ប្រើប្រាស់គ្រឿងញៀ.ន និងជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនឃ្មួញចំនួន៤ដង និងម្នាក់ទៀតឈ្មោះណន សុវណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនឃ្មួញចំនួន៦ដង ។
ដោយឡែកនារីរងគ្រោះមានអាយុ១៨ឆ្នាំ ជាសិស្ស ដែលមានទីលំនៅបច្ចុប្បន្នក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកទូរស័ព្ទរបស់នាងដែលត្រូវចោរឆក់នោះម៉ាក I phone 11 ត្រូវដកហូតយកបានមកវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីម្នាក់នេះបានជិះម៉ូតូ១គ្រឿងជាមួយបងស្រីជីដូនមួយរបស់នាង ដោយបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ២នាក់នោះជិះម៉ូតូ១គ្រឿងម៉ាកYAMAHA – XY ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JL-7483 តាមពីក្រោយ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីទៅដល់ទន្ទឹមគ្នាជាមួយជនរងគ្រោះ ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរួចជិះគេចខ្លួន ប៉ុន្តែខណៈនោះជនរងគ្រោះបាននាំគ្នាជិះម៉ូតូដេញតាមនិងស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលពេញដងផ្លូវ។ ដែលជាហេតុធ្វើឲ្យជនសង្ស័យភ័យជិះលឿនពេកក៏ដួលម៉ូតូ ហើយក៏ត្រូវបាននគរបាលនិងប្រជាពលរដ្ឋឃាត់បាន ពេលនោះដោយទប់កំហឹងមិនបានប្រជាពលរដ្ឋបាននាំគ្នាវាយទាត់ធាក់ជនសង្ស័យ រួចទើបប្រគល់ឲ្យនគរបាលនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់ ៕