ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់បានជនជាតិចិន ដែលជាអ្នកបើកបររថយន្ត បុកមនុស្សស្លាប់នៅផ្លូវ៦០ម៉ែត្រ

126

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កជាជនជាតិចិនហើយ ក្រោយបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចរកឃើញរថយន្តបង្កម៉ាកREVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1520​ ដែលគេយកទៅចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបន្តចាប់ខ្លួនអ្នកបើកបរជាជនជាតិចិន​។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA  CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ផ្លូវ៦០ម ខណ្ឌដង្កោ ត្រូវបានជនបង្កបើកយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បន្ទាប់ពីរករថយន្តឃើញនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល សមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលជាអ្នកបើកបររថយន្តបង្កបានហើយ ខណ:ពេលនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី។

សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ៣នាក់ឳពុកកូនតូច ជិះម៉ូតូ ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 កំពុងធ្វើដំណើរពីត្បូងទៅជើង ត្រូវបានរថយន្តបង្កបើកបុកពីក្រោយ បណ្តាលឱ្យផ្លោងធ្លាក់ចូលប្រឡាយ ហើយរថយន្តបើករត់គេចបាត់។
ជនរងគ្រោះទាំង៣នាក់ឪពុកកូនត្រូវបានគេដឹកតាមម៉ូតូកង់បីយកទៅគ្លីកិកឯកជន មានជ័យ១ តែដោយឃើញក្មេងស្រីរងរបួសធ្ងន់ បានឱ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលបានស្លាប់ ក៏ដឹកវិលទៅផ្ទះវិញ។ ក្មេងស្រីដែលបានស្លាប់ មានឈ្មោះ សោម ម៉ូលីកា អាយុ១០ឆ្នាំ ចំណែកឪពុករងរបួសស្រាល ឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ សោម បញ្ញា អាយុ៣ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៣នាក់ឪពុកកូន មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង