ប្រជាពលរដ្ឋស្នើសុំអោយជួយអន្តរាគមន៍ទៅក្រសួង សុខាភិបាល ពាក់ព័ន្ធរថយន្តសាមុយនិងគ្រូពេទ្យ មួយចំនួនគិតតែរឿងលុយ និងប្រងើយកន្តើយ រហូតធ្វើអោយអ្នកជម្ងឺស្លាប់
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែ បាន
ស្នើសុំអោយអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាល ធ្វើយ៉ាងណាចាត់វិធានការទៅលើ ក្រុមរថយន្តសាមុយដឹកជញ្ជូនអ្នកជម្ងឺនិងគ្រូពេទ្យ មួយចំនួន ដែលធ្វើសកម្មភាពជម្រិតទាលុយ និងប្រងើយ កន្តើយជាមួយអ្នកជម្ងឺ រហូតធ្វើអោយអ្នកជម្ងឺស្លាប់ទាំងមិនអស់ចិត្ត។
ស្នើសុំបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦វិច្ឆិកា
២០១៨នេះក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស៊ុយ សេរិទ្ធ
អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាង៥០០រយនាក់ផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវបានលើកឡើងទាំងមានកំហឹងថា កាលពីថ្ងៃ២៩ មិថុនា ២០១៨កន្លងមកនេះ កូនប្រុសរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌច្បារអំពៅ ហើយត្រូវបានរថយន្តសាមុយទៅដល់កន្លែងកើតហេតុភ្លាម ព្រមទាំង
បានលើកជនរងគ្រោះដាក់លើឡាន តែមិនព្រមចេញទេ ដោយនិយាយថា ចាំភរិយាជនរងគ្រោះមកសិន និងបានពន្យាពេលយ៉ាងយូរ ទាលុយថ្លៃដឹកនិងថ្លៃរុំរបួសនៅលើឡានថែមទៀត ។ ការព្រងើយ កន្តើយបែបនេះពេលដឹកមកដល់មន្ទីរពេទ្យព្រះកុសមៈកូនរបស់គាត់ក៏ បានសន្លប់បាត់ស្មារតី និងឈានស្លាប់បាត់បង់ជីវិតគួរអោយសង្វេកបំផុត ដែលនេះជាទង្វើអសីលធម៌ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទាស់តែសោះ។ដូច្នេះទេ ពួកគាត់សូមអោយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធររាជធានីភ្នំពេញ មានវិធានការលើបញ្ហាខាងលើនេះផង ។បើនៅតែបែបនេះប្រជាពលរដ្ឋស្លាប់អស់ហើយ។
ជុំវិញបញ្ហារបស់ប្រជាពលរដ្ឋដែលបានលើកឡើងខាងលើនេះ ត្រូវបានតំណាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោកលោកស៊ុយ សេរិទ្ធអភិបាលរងរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា នៅថ្ងៃ២៩ មិថុនា ២០១៨នោះ គឺមិនមានរថយន្តសាមុយរបស់ពេទ្យបង្អែក
ច្បារអំពៅទៅដឹកជនរងដោយគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅនោះទេ អាចជារថយន្តសាមុយឯកជន បើឡានរបស់រដ្ឋពាក់ស្លាកលេខរដ្ឋ ហើយបើរដ្ឋគឺមិនទាលុយមុននោះទេ ។ ចំពោះរថយន្តសាមុយឯកជននេះ
ក្រសួងក៏បានចេញការណែនាំរួចហើយគឺ មិនអោយដឹកជនរងគ្រោះនៅតាមផ្លូវសាធារណៈនោះទេ ប៉ុន្តែពួកគេនៅតែបន្តសកម្មភាពដដែរ ដែលយើងទាំងអស់គ្នាត្រូវសហការ ក៏ដូចជារាយការណ៍ ដើម្បីយើងមានវិធានការចំពោះរថយន្តសាមុយឯកជនទាំងនោះ។
ក្រៅពីការលើកឡើងនូវបញ្ហាខាងលើ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះ ប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាមួយចំនួនទៀតរហូតដល់១៨បញ្ហា ពោលគឺមានទាំងពីបញ្ហាដីធ្លីដែលគេរំលោភ ការសូមផ្តល់កម្មសិទ្ធិដីធ្លីនៅតំបន់មិនរៀបរយ បញ្ហាអត្តសញ្ញាណប័ណ្ណមានភាពយឺតយ៉ាវ ដោយធ្វើមួយឆ្នាំហើយមិនទាន់បាន និងបញ្ហាទឹក ភ្លើងអគ្គិសនីជាដើម។
លោកម៉ប់ សារិន បានមានប្រសាសន៍បញ្ជាក់អោយដឹងថា ដីនៅតំបន់មិនរៀបរយ ជាដីរបស់រដ្ឋ ប្រជាពលរដ្ឋទៀមទាធ្វើជាកម្មសិទ្ធិស្របច្បាប់ ។បញ្ហានេះការដោះស្រាយត្រូវប្រើពេលយូរអង្វែង ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៏កម្មសំណង់និងសូរិយោដី បាននឹងកំពុងធ្វើដោះស្រាយបណ្តើរៗហើយ ។តែលោកជឿជាក់ថានឹងមានការដោះបានល្អប្រសើរដែលអាចអោយប្រជាពលរដ្ឋទទួលយកបាន៕




