រដ្ឋមន្រ្តីព័ត៌មាន ចង់ឲ្យស្ថានីយ៍វុទ្យុ VOA និង RFA មានការិយាល័យ នៅកម្ពុជា ងាយស្រួលទំនាក់ទំនង
ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក William A. Heidt អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលត្រូវចប់អាណត្តិការងាររបស់ខ្លួនពីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់ថា ការដែលវិទ្យុ VOA និង RFA មិនមានផ្សាយនៅតាមវិទ្យុ FM ដូចពេលកន្លងមកនោះ ដោយសារតែស្ថានីយវិទ្យុក្នុងស្រុកខ្លះ បានបំពានការជួលផ្សាយបន្ត ដោយមិនបានឆ្លងបែបបទឲ្យបានត្រឹមត្រូវពីក្រសួងព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានប្រាប់ថា កម្ពុជាមិនដែលបានបិទការផ្សាយ របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នោះទេ ហើយបច្ចុប្បន្នប្រជាពលរដ្ឋ នៅតែអាចស្តាប់ការផ្សាយ របស់វិទ្យុទាំងពីរនេះ ជាធម្មតា។
កម្ពុជាចង់ឲ្យស្ថានីយវិទ្យុទាំងពីរនេះ មានការការិយាល័យនៅក្នុងប្រទេសកម្ពុជា ដើម្បីងាយស្រួលទាក់ទងការងារអ្វីមួយ។
លោក William A. Heidt បានថ្លែងថា កំពុងមានការដោះស្រាយបញ្ហាពាក់ព័ន្ធមួយចំនួន របស់ស្ថានីយវិទ្យុទាំងពីរនេះ ហើយនៅពេលដោះស្រាយ រួចរាល់ នឹងមានការធ្វើសកម្មភាពផ្សាយឡើងវិញ តាមរលកវិទ្យុ FM នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ សេរីភាពសារព័ត៌មាន នៅកម្ពុជា ហើយ លោកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាពកម្ពុជា និងអាមេរិក កាន់តែមានភាពរីកចម្រើន៕