ក្រុងព្រះវិហារផ្តើមសាងសង់ផ្លូវភ្លោះ ដែល មានប្រវែងជាង២០០០ម៉ែត្រ ជាមូយនឹងការរៀបសួនពុះទ្រូងផ្លូវ ដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវថែមទៀត

ខេត្តព្រះវិហារ៖ ដើមឡើយខេត្តព្រះវិហារគឺជាខេត្តមួយនៅតំបន់ដាច់ស្រយាល តែសម្រាប់ពេលបច្ចុប្បន្ននេះ ខេត្តព្រះវិហារ មិនមែនជាខេត្តនៅតំបន់ដាច់ស្រយាលទៀតនោះទេ ដោយសារតែខេត្តមួយនេះ បានបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ពិសេសគឺផ្លូវតភ្ជាប់ ទៅកាន់ខេត្តមួយនេះមានលក្ខណៈល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរ។
ក្រៅពីនេះ នៅក្នុងទីរួមខេត្តព្រះវិហារក៏បានរៀបចំអោយមានសោភណ្ឌភាពគួរជាទីទាក់ទាញផងដែរ ដូចជាការស្ថាបនាអោយមាន ជាសួនច្បារ រង្វង់មូល និងសួនកុមារដែលបំពាក់ដោយឧបករណ៍សម្រាប់អោយកូនក្មេងលេងជាដើម។ ប៉ុន្តែ ប៉ុណ្ណេះ នៅមិនគ្រប់គ្រាន់ទេ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធាន តាមការចង្អុលណែនាំពីលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារមួយខ្សែថែមទៀត ដោយរៀបចំអោយទៅជាសួនពុះទ្រូងផ្លូវ រូមទាំងការដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវនៅលើសួនកណ្តាលទ្រូងនេះថែមទៀត។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ការដ្ឋាន សាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារនេះ មានប្រវែង ២១៧០ម៉ែត្រ ទទឺងសួនពុះចែកទ្រូងផ្លូវនេះមានទំហំ១ម៉ែត្រ៤តឹក មានដាំដើមឈើ ដាំស្មៅ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវLED និងមានផ្លូវសងខាង១៨ម៉ែត្រ
រួមទាំងដាក់ខឿនសងខាង នៃចិញ្ចើមផ្លូវផងដែរ។
លោកសំ លាងទ្រី បានបញ្ជាក់ផងដែរថា នៅខេត្តព្រះវិហារ មានរថយន្តតូចដែលបានចុះបញ្ជីរួចមានចំនួន៥០០គ្រឿង។ អញ្ចឹងទេ កំណាត់ផ្លូវនេះ បើទោះបីជាទៅមុខ១០ឆ្នាំទៀតក៏មិនមានការកកស្ទះចរាចរណ៍ដែរ។ក្រោយការស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវនេះរួច ក្រុងព្រះវិហារនឹងបង្អួតសម្រាស់មួយកម្រិតទៀតហើយ៕






