ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមគ្នាប្រយុទ្ធប្រឆាំង​ឱសថក្លែងក្លាយឲ្យមានប្រសិទ្ធភាពតាមរយៈ សេចក្តីប្រកាសរួម៦ចំណុច

70

   សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់បិទ​សន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណ​ភាព» នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវថ្នាក់ដឹកនាំ ក្រសួងស្ថាប័នតំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់បន្ត និងអនុវត្តកិច្ចសហការ រួមគ្នាប្រយុទ្ធប្រឆាំង​ឱសថក្លែងក្លាយឲ្យមាន ប្រសិទ្ធភាពតាមរយៈ សេចក្តីប្រកាសរួម៦ចំណុច របស់សន្និសីទអន្តរជាតិថ្នាក់តំបន់ ស្ដីពីការ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពរួមមាន៖
១-បង្កើនការយល់ដឹងលើនិយមន័យនៃឱសថក្លែងក្លាយ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយពិចារណាទៅ លើការកំណត់និយមន័យនៃ ផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាពនិងគ្មានច្បាប់អនុញ្ញាត ដូចដែលបានអនុម័តដោយបណ្តារដ្ឋទាំងអស់រ បស់សមាជិកក្នុងអំឡុងមហាសន្និបាតលើកទី ៧០នៃអង្គការសុខភាពពិភពលោក។ 
២-ធានាបង្កើតនូវប្រព័ន្ធច្បាប់ដែលមានភាព ប្រដំប្រសងគ្នា ដើម្បីសម្រួលដល់មន្រ្តីអនុវត្តច្បាប់ ឱ្យអនុវត្តតួនាទីនិងភារកិច្ចរបស់ពួកគេ មានប្រសិទ្ធភាពពាក់ព័ន្ធនឹង ការបង្ក្រាបនិងការផ្តន្ទាទោស បទល្មើសពាក់ព័ន្ធឱសថក្លែងក្លាយអន់គុណភាព និងគ្មានច្បាប់អនុញ្ញាត។ 
៣-ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ និងការដោះដូរព័ត៌មានរវាងគ្នាទៅវិញទៅមកក្នុងតំបន់និងអន្តរជាតិដើម្បីការពារសុខភាពសាធារណៈ។ 
៤-ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិលើវិស័យទប់ស្កាត់ ស្វែងរកនិងបង្ក្រាបដើម្បីកាត់បន្ថយហានិភ័យ និងលុបបំបាត់ចោលនូវផលិតផល សុខាភិបាលក្លែងក្លាយអន់គុណភាព និងគ្មានច្បាប់អនុញ្ញាតនៅក្នុងរដ្ឋនីមួយ នៅក្នុងតំបន់ទាំងមូល។ 
៥- ធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិនានា ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ផលិតផលសុខាភិបាល ក្លែងក្លាយ អន់គុណភាពនិងគ្មានច្បាប់អនុញ្ញាតដូចជា អង្គការសុខភាពពិភពលោក(WHO)ប៉ូលីសអន្តរជាតិ(INTERPOL) អង្គការគយពិភពលោក(WOC) ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រប់គ្រងឱសថនិងឧក្រិដ្ឋកម្មនិងអង្គការ ដែលពាក់ព័ន្ធដទៃទៀតហើយ ជាពិសេសពិចារណាលើការចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីបទល្មើសសុខាភិបាល។ 
៦-ជួបជុំគ្នាសារជាថ្មីម្តងទៀតក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ដើម្បីវាយតម្លៃអំពីការវិវត្តន៍ដែលបាន សម្រេចដោយរដ្ឋនីមួយៗពាក់ព័ន្ធនឹង ការប្រយុទ្ធប្រឆាំងផលិតផល សុខាភិបាលក្លែងក្លាយអន់គុណភាព និងគ្មានច្បាប់អនុញ្ញាតដោយអនុលោមតាមសេចក្តីប្រកាសរួមនេះ។
   សម្ដេចក្រឡាហោម ស ខេង បន្ថែមថា​រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញថា ការអនុវត្តការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព បានដំណើរការទៅដោយយកចិត្តទុកដាក់ខ្ពស់ និងទទួលបានលទ្ធផលល្អផងដែរ ហើយកម្ពុជាក៏នៅតែបន្ដខិតខំប្រឹងប្រែង បន្តកិច្ចសហការថែមទៀត ជាមួយបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសតំបន់ទន្លេមេគង្គ ដើម្បីទប់ស្កាត់រាល់សកម្មភាព លួចផលិត ចរាចរណ៍ និងចែកចាយឱសថក្លែងក្លាយ និងអន់គុណភាព។
   សម្តេចបន្តទៀតថា​ កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ និងអន់គុណភាព ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ព្រមទាំងបណ្ដាសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត ដើម្បីធានាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ ក្នុងការទទួលបាន ឱសថមានគុណភាព និងមិនប៉ះពាល់ដល់សុខភាព។ 
លោក នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ មានប្រសាសន៍ថា​ បញ្ហាឱសថក្លែងក្លាយនិងអន់គុណភាពជា គ្រោះគំរាមកំហែងនិងជា គ្រោះមហន្តរាយ ដ៏ធំនាពេលបច្ចុប្បន្ននេះដែល តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងសកល​ ។លោក បន្តថា​ ដើម្បីប្រយុទ្ធប្រឆាំង នឹងសកម្មភាពផលិតចរាចរនិងចែកចាយ ឱសថក្លែងក្លាយនិង អន់គុណភាព ឲ្យមានប្រសិទ្ធភាពដែល ក្នុងនោះប្រទេសនីមួយនីមួយត្រូវមានការប្ដេជ្ញាចិត្តខាងនយោបាយមានការអនុវត្តច្បាប់និងការបង្កើនការយល់ដឹង ខាងផ្នែក បច្ចេកទេសព្រមទាំងចូលរួមប្រតិបត្តិក៏ដូចជា អនុម័តនូវសន្ធិសញ្ញានានា ពាក់ព័ន្ធប្រសិនបើសន្ធិសញ្ញាទាំងនោះ មានផលប្រយោជន៍ ចំពោះប្រទេសដែលពាក់ព័ន្ធ៕​

អត្ថបទដែលជាប់ទាក់ទង