រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បុណ្យឯករាជ្យជាតិ ស្នើឲ្យម្ចាស់អាជីរកម្មជលយាន្តផ្អាកចរាចរ និងហាមបង្ហោះដ្រូន
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់អាជីរកម្មកំពង់ផែ ផែបណ្តែងទឹក ទូក ក្បូន កាណូតទេសចរណ៍ និងជលយាន្ត គ្រប់ប្រភេទ ផ្អាកការធ្វើចរាចរនៅតាមដងទន្លេសាប និងទន្លេចតុមុន ចាប់ពីមុខផ្សាររាត្រីដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង៥ទៀបភ្លឺ រហូតដល់ម៉ោង១២ថ្ងៃត្រង់។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានហាមការបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជវាំង វិមានឯករាជ្យ និងតាមបណ្តោយផ្លូវសុធារស។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំមិទ្ធិញនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់នានា នៃស្ថាប័ន ព្រឹទ្ធសភាព រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។
ចំណែក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ បុណ្យឯករាជ្យជាតិ ដែលឈានមកដល់រយៈពេល២ថ្ងៃទៅមុខទៀត ។ កិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលើផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ បុណ្យឯករាជ្យជាតិ ថ្ងៃទី៩វិច្ឆិកាខាងមុខនេះ ដឹកនាំដោយ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ។ អគ្គរងស្នងការនគរបាលជាតិ ស្នងការនគរបាលប្រចាំខេត្ត និងរាជធានី ដែលជាប់ពាក់ព័ន្ធ និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបុណ្យអុំទូករវាងពីថ្ងៃទី២១ដល់២៣វិច្ឆិកា នៅក្នុងទន្លេចតុមុខរាជធានីភ្នំពេញ បានអញ្ជើញចូលរួមដើម្បីស្តាប់ និងទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ថ្ងៃបុណ្យឯករាជ្យជាតិនេះ ។ ថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺជាថ្ងៃដែលរំលឹកខួប៦៥ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំង ដែលធ្វើអាណានិគមនិយមលើប្រទេសកម្ពុជា ។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន បានមានប្រសាសន៍ប្រាប់ នាយកដ្ឋានជំនាញ ពាក់ព័ន្ធថា នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានអ្នកចូលរួមប្រមាណជាង ២ម៉ឺន ៦ពាន់នាក់ ដោយក្នុងនោះរួមមានកម្លាំងមហាជន និងកម្លាំងសមត្ថកិច្ចចម្រុះ និងមានពិធីព្យុះហយាត្រា ពីអង្គភាពពាក់ព័ន្ធនីមួយៗចូលរួមផងដែរ ។
យោងតាមមន្ត្រីរៀបចំកម្លាំងមហាជន និងកងកម្លាំងប្រដាប់អាវុធដែលចូលរួមនៅវិមានឯករាជ្យនឹងមានចំនួន ១៣៩៥០នាក់ និងនៅមុខព្រះបរមរាជវាំងមានចំនួន ១២៣០០នាក់ ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះ ផ្តោតទៅលើបញ្ហាប្រឈម និងសភាពការជាក់ស្តែង ដើម្បីរួមគ្នាដោះស្រាយ ហើយគោលបំណងធំតែមួយគត់ គឺធានាសុវត្ថិភាពឲ្យបាន១០០ភាគរយ។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបញ្ជាក់ថា នេះជាកិច្ចការដែលយើងត្រូវធានាចំពោះរាជរដ្ឋាភិបាល ដើម្បីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានទាំងស្រុង ។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបញ្ជាក់បន្ថែមថា គោលដៅរបស់យើងត្រូវយកចិត្តទុកដាក់នៅជុំវិញវិមានឯករាជ្យ និងតាមដងផ្លូវ ។
លោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានថ្លែងប្រាប់អ្នកកាសែតថា ព្រះរាជពិធីបុណ្យេករាជ្យជាតិ ខួបលើកទី៦៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ គឺធ្វើខុសពីបណ្តាឆ្នាំមុនៗ គឺនឹងមានព្រឹត្តិការណ៍ធំពីរ៖ ពិធីថ្វាយទៀនជ័យ នៅវិមានឯករាជ្យ និងមិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង ។ លោក នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបន្តថា ក្នុងនាមគណៈកម្មការការពារ សន្តិសុខ សណ្តាប់ធ្នាប់ គឺចាំបាច់ការពារសុវត្ថិភាពឲ្យបាន នៅក្នុងពិធីបុណ្យឯករាជ្យជាតិ ទាំងពិធីថ្វាយទៀនជ័យ ក៏ដូចជាពន្លត់ទៀនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ។
លោកនាយឧត្តមសេនីយ៍ បន្តថា ព្រះរាជពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥ ឆ្នាំនេះ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំនួនបីចំណុចគឺ ទី១.នៅវិមានឯករាជ្យ ទី២.នៅព្រះបរមរាជវាំង និងទី៣.នៅតាមដងផ្លូវ ។ នៅវិមានឯករាជ្យនៅព្រឹកថ្ងៃទី៩ វិច្ឆិកា មានពិធីថ្វាយទៀនជ័យ និងព្រះមហាក្សត្រ ស្តេចយាងត្រួតពល ដែលអមដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកមិទ្ទិញមហាជននៅមុខព្រះបរមរាជវាំង ។ សម្តេចតេជោ ហ៊ុន សែន នឹងគ្រោងឡើងថ្លែងសន្ទរកថាផងដែរក្នុងពិធីដ៏មហោឡារឹកនោះ ។ ចំណែកនៅវិមានឯករាជ្យ គឺ សមត្ថកិច្ចរៀបចំការពារសុវត្ថិភាពតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ព្រោះគេត្រូវដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅព្រះបរមរូប ។ ហើយនៅព្រឹកថ្ងៃទី៩ វិច្ឆិកា ពេលដែលព្រះមហាក្សត្រថ្វាយទៀនជ័យ ហើយព្រះអង្គយាងទទួលបដិសណ្ឋារកិច្ចពីឥស្សរជនជាន់ខ្ពស់មួយចំនួន ហើយព្រះអង្គនឹងយាងត្រួតពលមួយជុំវិមានឯករាជ្យ ព្រះអង្គនឹងយាងតាមព្រះទីនាំងជាមួយ សម្តេចតេជោ ហ៊ុន សែន មកមុខព្រះបរមរាជវាំង ។
លោកនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់បន្ថែមថា នៅក្នុងពិធីមិទ្ទិញនោះដែរ ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ តាមផ្លូវទឹកក៏នឹងមានការយកចិត្តទុកដាក់ខ្លាំងក្លាផងដែរ ដោយមិនអនុញ្ញាតអោយមានការឆ្លងកាត់នោះឡើយចាប់ពីម៉ោង៥ភ្លឺ រហូតទៅដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីទុកឲ្យពិធីមិទ្ទិញដំណើរការបានល្អមិនមានការរំខាន ។ លោក នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះការបិទ បើកផ្លូវរបស់សមត្ថកិច្ចផងដែរ ៕