គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីអំពាវនាវ ស្តីពី ការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីអំពាវនាវ នៅថ្ងៃទី២២ ខែកុម្ភៈ ស្តីពី ការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។
យោងតាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនា បោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
គ.ជ.ប ព្រមានចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។
យោងតាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនា បោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ ម៉ោង ១២:០០ យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យ ការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាព ទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យ មានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និង រាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប។
គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្ត តាមការអំពាវនាវនេះឱ្យមានប្រសិទ្ធភាព៕