ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីសុខ ចិន្តាសោភា និងគណៈកម្មការទី៥ ផ្លាស់ប្តូរទស្សនៈ និងព័ត៌មាន ស្តីពីការពង្រឹងទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេស និងរដ្ឋសភា

39

 

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួង បានជួបពិភាក្សាការងារជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួម ពីតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការទី៥ អំពីស្ថានភាពតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងផលបច្ច័យមកលើកម្ពុជា និងបានរំលេចអំពី គោលនយោបាយការបរទេសនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលសម្រេចបាននៅក្នុងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេល៦ខែ ចាប់តាំងពីការបង្កើត រាជរដ្ឋាភិបាលបច្ចុប្បន្ន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈកម្មការទី៥ បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានស្តីពីការពង្រឹងទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋសភា ព្រមទាំងគណៈកម្មការទី៥ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង