ឯកឧត្ដមឃួង ស្រេង ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំង សមាជិកព្រឹទ្ធសភា ថា ៖ គណបក្សប្រជាជនកម្ពុជា នឹងទទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី២៥កុម្ភៈខាងមុខនេះ
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤បរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាចូលរួមដង្ហែរ បិទការបោះឆ្នោតនេះ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤របស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីយើងបានជួបជុំគ្នាយ៉ាងអធិកអធម្ម បើយុទ្ធនាការរួមគ្នាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្តីសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២៤កន្លងទៅនេះនៅមន្ទីរបក្សរាជធានីភ្នំពេញ។
ឯកឧត្ដមបន្តថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ មានរយៈពេល១៤ថ្ងៃ ផ្អែកតាមប្រតិទិនដែលបានកំណត់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប) នឹងត្រូវបញ្ចប់នៅវេលាយប់ថ្ងៃទី២៣កុម្ភៈនេះ។
១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាយើង បានដំណើរការទៅដោយរលូន គោរពតាមច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាបង្កើតបាននូវបរិយាកាស សាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជំនះដែលគណបក្សប្រជាជនកម្ពុជាយើងនឹងទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០២៤ខានស្អែកនេះ។
ឯកឧត្ដមឃួង ស្រេង បន្តថា៖គណបក្សប្រជាជនកម្ពុជា នឹងទទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី២៥កុម្ភៈខាងមុខនេះដោយសារតែគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជននិងដើម្បីប្រជាជន។គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនៅកម្មវិធីនយោបាយដ៏ត្រឹមត្រូវនិងស្របតាម
សភាពការណ៍ជាក់ស្ដែងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូរនៃសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងជាតិ ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពនៅរាល់ទង្វើរបស់ពួកប្រឆាំង ពួកអគតិពួក អមិត្តទាំងនៅក្នុងនិងក្រៅប្រទេស។ សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជាដែលជាអង្គបោះឆ្នោតបានគ្របដណ្ដប់ ៨២,២៧% នៃចំនួនអ្នកបោះឆ្នោត ទូទាំងរាជធានី។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុង ទីប្រជុំជននិងជនបទ ប្រកបដោយចីរភាពសមធម៌ និងបរិយាប័ណ្ណ ។ ខិតខំធានាស្ថេរភាពសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ទន្ទឹមនិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមដោយផ្អែកលើកបាវចនា កំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ បន្តផ្ដល់អទិភាពនៃការវិនិយោគសាធារណៈទាំងប្រាំគឺមនុស្ស ផ្លូវ ទឹក ភ្លើងនឹងបច្ចេកវិទ្យា។ បន្តជំរុញការកែទម្រង់រដ្ឋស៊ីជម្រៅនិងទូលំទូលាយតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់។គោលនយោបាយជាអាទិ៍របស់គណបក្សប្រជាជនកម្ពុជាគឺជាប្រមូលផ្ដុំបញ្ញាណរបស់គណបក្សទាំងមូល ដែលត្រូវបានកសាងឡើងដោយផ្អែកលើសមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិ ព្រមទាំងផ្នែកលើការវិវត្តន៍ជាក់ស្ដែងនៃសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិបច្ចុប្បន្ន និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។
ឯកឧត្ដមបន្តថា សម្រាប់អង្គមីទ្ទីញនាឱកាសនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានបង្ហាញពីសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្សយ៉ាងរឹងមាំ រវាងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកពិសេសអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញទាំង៧៥៤រូប សំដៅប្រមូលផ្ដុំថាមពល កម្លាំងកាយចិត្តរួមគ្នាឈានឆ្ពោះទៅដណ្តើមយកជ័យជំនៈក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥កុម្ភៈឆ្នាំ២០២៤ខានស្អែកនេះ ពោលគឺដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាយើងបន្តដឹកនាំស្ថាប័ន្ធព្រឹទ្ធសភាយ៉ាងពិតប្រាកដ៕