ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា នៅក្រុងសៀមរាប

62

 

សៀមរាប ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងឧឡារិកនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯ‍កឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងមានការចូលរួមពីលោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ផលិតករ ពាណិជ្ជករ កសិករ សិស្សនិស្សិត ។

ព្រឹត្តិការណ៍ពិព័រណ៍នេះធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន និងសហគមន៍ ផលិតបន្លែផ្លែឈើខ្មែរ មកពីបណ្តាខេត្តក្រុងចំនួន១៦ ដោយបាននាំយកផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើក្រៀម អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើមយកមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្ម សរុបមានក្រុមហ៊ុន/សហគ្រាសចូលរួមចំនួន១១៣ និងមានស្តង់ពិព័រណ៍សរុបចំនួន១២៥ស្តង់។

អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក៏មានរៀបចំកម្មវិធីមួយចំនួនផងដែរ ដូចជា៖ យុទ្ធនាការលើកកម្ពស់តម្បាញ និងជំរុញការប្រើប្រាស់ផលិតផលសូត្រកម្ពុជា ការបង្ហាញម៉ូតផលិតផលសូត្រខ្មែរ ការសម្តែងសិល្បៈតន្រ្តីស្គរដៃស្រុកស្រែ សិល្បៈល្ខោនសៀករហ័សកម្ម ព្រមទាំងមានការដង្ហែរក្បួនតុក្កតាយក្សមកកាន់ទីតាំងរៀបចំពិព័រណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង