កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ករណី ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុញៀន
បន្ទាយមានជ័យ ÷ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន ភារិន (ទីណា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិអូរនាង សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ផលិតរូបភាពអាសអាភាស កំហែងយកប្រាក់ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ .ស.ធ.រ ភេទស្រី អាយុ២០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា តាមការបំភ្លឺពីជនរងគ្រោះបានរៀបរាប់ថា រូបនាង និងជនសង្ស័យធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាយូរមកហេីយ និងធ្លាប់រួមភេទជាមួយគ្នារហូតមានផ្ទៃពោះចំនួន០២ខែ ក្រោយមកត្រូវម្តាយដឹង ក៏ឈប់ឱ្យទំនាក់ទំនងគ្នាបន្តទៀត។ ជនរងគ្រោះបានរៀបរាប់ទៀតថា នៅឆ្នាំ២០២២ រូបនាងក៏បានទំនាក់ទំនងជាមួយជនសង្ស័យសារជាថ្មីម្ដងទៀត ដោយខលតាមឆាតហ្វេសបុកជាមួយគ្នាស្ទេីររាល់ថ្ងៃ ហេីយជនសង្ស័យបានសុំអង្វរនាងដោះខោអាវចេញ(អាក្រាតកាយា)ហើយសុំរួមភេទតាមអនឡាញជាច្រេីនលេីកច្រេីនសារហើយដែរ។ តែត្រូវជនសង្ស័យលួចថតជាវីដេអូរ ពេលខ្លួនរួមភេទតាមអនឡាញ ហើយផ្ញើមកឱ្យរូបខ្លួនដើម្បីគំរាមទារប្រាក់ពីរូបនាងជាច្រើនដង។ ដោយសារជនសង្ស័យគំរាមកំហែងយកប្រាក់ពីរូបខ្លួនច្រេីនលេីកពេក ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមទាំងចាប់យកវត្ថុតាង ១-ទូរស័ព្ទដៃម៉ាក CHINA MOBILE4G ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង,២.ផ្លាសផ្ទុកវីដេអូ ចំនួន០១ ហៀយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុមានវីដេអូអាក្រាតផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕