ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ៖ បូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

29

 

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ។ ឯកឧត្តម បានបន្តទៀតថា ក្នុងរយៈពេល ១៤ ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេត ឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត តាមមធ្យោបាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប អាចធ្វើការបូកសរុបព្រឹត្តិការណ៍ ឃោសនាបោះឆ្នោតជារួមបានដូចខាងក្រោម៖

គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយ ផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់ការចែកខិត្តបណ្ណ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័ត តាមភូមិជាដើម។

ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការ សម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែកពេលវេលា និងទីតាំងសម្រាប់ គណបក្សទាំងអស់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

លើសពីនេះ គ.ជ.ប បានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប់លាប់មក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាព ឃោសនា។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើ សកម្មភាពឃោសនា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ពិសេសបានជួយសម្រួលចរាចរតាមដងផ្លូវនៅពេលមានការហែក្បួន ឃោសនាជាដើម។

ជារួម គ.ជ.ប អាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១៤ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយ រលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគ នីមួយៗ។

តាមរយៈសកម្មភាពជាវិជ្ជមានទាំងនេះ ក្នុងនាម គ.ជ.ប ឯកឧត្តម សោម សូរីដា បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ពិសេស៖

គណបក្សនយោបាយ ដែលកាន់តែមានភាពចាស់ទុំខាងនយោបាយ ចូលរួមគោរព និង អនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត និងសហការ ផ្តល់ព័ត៌មាន គោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និង គធ.ខប។

អាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈល្អ ដោយពុំមានការរើសអើង។

សូមអរគុណ និងសូមលើកទឹកចិត្តបន្តទៀតជូនមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តម សោម សូរីដា បានជម្រាបជូនបន្ថែមទៀតថា ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ៤ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នា នូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត និងសាធារណជន តាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។ គណបក្សនយោបាយទាំង ៤ ក៏មាន ឱកាសស្មើភាពគ្នា ក្នុងការចុះផ្សាយនូវអត្ថបទគោលនយោបាយរបស់ខ្លួន ក្នុងព្រឹត្តិបត្រដែលរៀបចំ បោះពុម្ពផ្សាយដោយ គ.ជ.ប មានចំនួនពីរលេខ។

ឯកឧត្តម សោម សូរីដា បានប្រកាសបិទបញ្ចប់ដំណើរការឃោសនាបោះឆ្នោត ដោយយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្មភាពឃោសនា បោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ ក្នុងស្មារតីនេះថ្ងៃនេះជាថ្ងៃចុងក្រោយនៃការ ឃោសនាបោះឆ្នោត ដូច្នេះគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួន ត្រឹមម៉ោង ១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នា នេះដែរ ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្អាកផ្សព្វផ្សាយសកម្មភាពនយោបាយ ឬគោលនយោបាយរបស់ គណបក្សនយោបាយណាមួយ ឬខ្លឹមសារផ្សេងទៀត ដែលមានចរិតជាការឃោសនារកការគាំទ្រ ពីអ្នកបោះឆ្នោត។ ជនណា ឬគណបក្សនយោបាយណា ឬប្រព័ន្ធផ្សព្វផ្សាយណាដែលបំពានលើ ការហាមឃាត់នេះ នឹងត្រូវទទួលពិន័យតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ។

ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍បន្តទៀតថា គ្រប់គណបក្សនយោបាយ ត្រូវប្រមូលយកស្លាកសញ្ញា និងសម្ភារឃោសនា ផ្សេងទៀតរបស់ខ្លួន ដែលស្ថិតនៅក្នុងរង្វង់ ១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត យ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនានេះ លើកលែងតែស្លាកសញ្ញា ដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍។ ឯកឧត្ដម បន្តថា ចាប់ពីម៉ោង ១០យប់ ថ្ងៃទី២៣ នេះ រហូតដល់ ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោត ត្រៀមខ្លួន ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត។

នេះជាកិច្ចប្រជុំលើកទីប្រាំពីរ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹគងធម្មនុញ្ញ អគ្គលេខាធិ ការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាន នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីស្ថានទូតជប៉ុន តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួនជាង ៤០ នាក់៕

អត្ថបទដែលជាប់ទាក់ទង