ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុមោទនា ថ្ងៃបុណ្យ « មាឃបូជា »

201

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃមាឃបូជា ដែលជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់។

សម្ដេចតេជោហ៊ុនសែន បានថ្លែងសារទៅលើផេក facebook ផ្លូវការនៅព្រឹកថ្ងៃសៅរ៍នេះថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

សម្ដេចតេជោហ៊ុនសែន បានបន្តថា នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាសូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។

 

ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ នៅក្នុងព្រះពុទ្ធសាសនាគឺ៖
១.ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
២.ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
៣.ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។
ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែង ក្នុងថ្ងៃ១៥កើត ខែមាឃថា៖
– កិរិយាវៀរចាកបាបទាំងឡាយ
– ការញាំងនូវរាល់កុសលឱ្យកើតឡើង
– ការជម្រះចិត្តឱ្យស្អាតផូរផង់
ទាំងនេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
សូមតាំងចេតនារក្សាកាយចិត្តត្រៀម អនុមោទនា មាឃបូជាដោយសេចក្តីជ្រះថ្លា១៥កើតពេញបូណ៌មី ខែមាឃ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង