ក្រោយបង្កឱ្យធ្លាក់រថយន្តដឹកដីស្លាប់តៃកុង សមត្ថកិច្ចឃាត់ខ្លួនថៅកែក្រុមហ៊ុនធ្វើអាជីកម្មដីភ្នំលៀប និងបញ្ឈប់អាជីវកម្ម
បន្ទាយមានជ័យ ៖ ក្រោយសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យនៅចំណុចអាជីវកម្មដីភ្នំលៀប រកឃើញថា ការធ្វើអាជីវកម្មដីភ្នំលៀបខុសច្បាប់ បង្កឱ្យធ្លាក់រថយន្តដឹកដី១គ្រឿង បណ្តាលឱ្យតៃកុងរថយន្តម្នាក់ ស្លាប់ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀប ចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀប នៅខេត្តបន្ទាយមានជ័យទាំងស្រុង ។
ការឃាត់ខ្លួនឈ្មួញនិងបិទអាជីវកម្មដីភ្នំលៀប បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិ ទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជុំវិញបញ្ហានេះ អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ បានបង្ហាញ ឱ្យដឹងថា អាជីវកម្មដីភ្នំលៀបក្រុមហ៊ុន បានសុំច្បាប់ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យរួចហើយ តាមរយៈមន្ទីររ៉ែនិងថាមពលខេត្ត បានសម្រេចឱ្យក្រុមហ៊ុន ដែលមានម្ចាស់ឈ្មោះ សឿម សំបូ ធ្វើអាជីវកម្ម ដីភ្នំលៀបលើផ្ទៃដី ទំហំ៦.១៨២ ម៉ែត្រការ៉េ ក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាព យ៉ាងតិច ២៥ម៉ែត្រ ពីមាត់រណ្តៅចាស់ ដែលមានស្រាប់ និង៥ម៉ែត្រពីមាត់រណ្តៅជុំវិញ។
ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត លោក សុត វឌ្ឍនា ប្រាប់ឱ្យដឹងថា គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ច្បាប់បានអនុញ្ញាត ឱ្យជីកកាយដីភ្នំបាតតក្រោម ដែលមានរណ្តៅចាស់ប៉ុណ្ណោះ ។ ប៉ុន្តែគណៈកម្មការចម្រុះត្រួតពិនិត្យឃើញថា ក្រុមហ៊ុនបានទៅជីកកកាយនៅលើភ្នំ ខុសគោលដៅច្បាប់បានអនុញ្ញាត។ អាជីវកម្មដីភ្នំលៀប ត្រូវបានគណៈកម្មការចម្រុះ បញ្ឈប់អាជីវកម្មទាំងស្រុងហើយ ។
ពាក់ព័ន្ធនឹងឃាត់ខ្លួនម្ចាសក្រុមហ៊ុនថៅកែអាជីវកម្មដីភ្នំលៀប លោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ម្ចាស់ថៅកែធ្វអាជីវកម្មដីភ្នំលៀបនោះ បានឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់អនុញ្ញាតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ។
លោកមេបញ្ជាការអាវុធហត្ថខេត្ត ប្រាប់ទៀតថា ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប ដែលបង្កឱ្យធ្លាក់រថយន្តបណ្តាលឱ្យមនុស្សស្លាប់ ក្រុមហ៊ុនធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ កន្លងមកសមត្ថកិច្ចអាវុធហត្ថ មានតួនាទីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ បានទៅធ្វើការណែនាំអប់រំ ថៅកែក្រុមហ៊ុនធ្វើអាជីវកម្មដីភ្នំលៀបម្តងរួចមកហើយ តែមិនរាងចាល បច្ចុប្បន្នត្រូវ ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា រថយន្តដឹកដី១គ្រឿងបានធ្លាក់ពីភ្នំលៀប ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យសង្កត់ស្លាប់អ្នកបើកបរ ខណៈដែលរថយន្តនោះបានបើកឡើងលើភ្នំ ដើម្បីឈប់រង់ចាំអេស្កាវ៉ាទ័រកាយដីដាក់លើរថយន្ត។ ហេតុការណ៍កើតឡើង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ការធ្វើអាជវកម្មដីភ្នំលៀប តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា៖ ក្រុមហ៊ុនជីកដីភ្នំលៀប ធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ មុនពេលកើតហេតុគេឃើញ រថយន្តបែនដឹកដីម៉ាកហ៊ីណូ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង ៣A ១១០៧ អ្នកបើកមាន ឈ្មោះ ឃិញ ស៊ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើដែលបានស៊ីឈ្នួល បើករថយន្តឱ្យថៅកែមានឈ្មោះយឿន សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ ភ្នំលៀប ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ។ រថយន្តត្រូវបានបើកបរទៅដឹកដីជើងភ្នំចំណុចខាងលើ ក្នុងស្ថានភាពមានឧបសគ្គដោយការកាយដីភ្នំលក់នៅ ចំណុចនោះខ្វះបច្ចេកទេសនិងការត្រួត ពិនិត្យត្រឹមត្រូវពីសំណាក់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធនោះទេ។ លុះរថយន្តឡើងដល់គោលដៅ ដោយមិនពន្លត់ម៉ាស៊ីននោះទេ រង់ចាំដាក់ដីពីអេស្កាវ៉ាទ័រ ដែលកំពុងកាយដីភ្នំនោះ ចំណែកអ្នកបើកបរ ចេញឈរលើដំបូលរថយន្តភ្លាមនោះ រថយន្តក៏រអិលធ្លាក់ពីភ្នំក្នុងកម្ពស់ប្រហែល ៧០ម៉ែត្រ ទាំងរថយន្តនិងតៃកុងចូលរណ្តៅដីមួយកន្លែង រថយន្តធ្លាក់សង្កត់តៃកុង បណ្តាលឱ្យស្លាប់ រីឯរថយន្តវិញរងការខូចខាតស្ទើរទាំងស្រុង។
សមត្ថិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងទៀតថា៖ ក្រោយពីកើតហេតុនោះភ្លាម គេឃើញអាជ្ញាធរដែនដី និងសមត្ថកិច្ច បានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុនិងបានស្ទូចរថយន្ត រួមទាំងសាក សពជនរងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ភ្នំលៀបបានរងការជីកកកាយដី ធ្វើអាជីវកម្មយកដីលក់យ៉ាងអាណាធិបតេយ្យ ពីសំណាក់ក្រុមខ្មូតជាឈ្មួញកាយដីភ្នំលក់ ជាយូរឆ្នាំមកហើយ បានបង្កប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៣ភូមិនិងប៉ះ ពាល់រំខាន ដល់ការរៀន សូត្ររបស់សិស្សនៅក្នុងសាលាបឋមសិក្សាភ្នំលៀប ដីហ៊ុយ និងរំខានដោយសម្លេងរថយន្ត ។ កន្លងមកមានប្រតិកម្មពីសិស្សនិងលោកគ្រូអ្នកគ្រូរួមនិង ប្រជាពលរដ្ឋនៅតំបន់ខាងលើនេះផងដែរ ប៉ុន្តែប្រតិកម្មនោះមិនត្រូវបានដោះស្រាយឡើយ៕