ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ជំរុញការអនុវត្តនីតិវិធីគយ ក្នុងទម្រង់អេឡិចត្រូនិក

56

 

ភ្នំពេញ៖ លោកសែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៨ គណៈកម្មការដឹកនាំគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដែលមានសមាសភាពចូលរួមពីតំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), តំណាងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD), តំណាងប្រៃសណីយ៍កម្ពុជា, តំណាងក្រុមហ៊ុន Maersk, អ្នកជំនាញការពាក់ព័ន្ធ, និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងលើកទិសដៅដើម្បីបន្តអនុវត្តគម្រោង (១).ការធ្វើឌីជីថលនីយកម្មលើពាណិជ្ជកម្មតាមផ្លូវសមុទ្រ (DGMT), (២). ការធ្វើឌីជីថលនីយកម្មសម្រាប់កញ្ចប់បញ្ញើរហ័ស (DGT), និង (៣). ការពិភាក្សាលើមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ដើម្បីធ្វើឌីជីថលនីយកម្មការបំពេញបែបបទបញ្ចេញទំនិញពីគយ។

នាឱកាសនោះ លោកអគ្គនាយករងបានលើកឡើងអំពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអនុវត្តនីតិវិធីគយក្នុងទម្រង់អេឡិចត្រូនិក និង នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ព្រមទាំងបានលើកឡើងអំពីសារសំខាន់នៃគម្រោងខាងលើ ដែលនឹងរួមចំណែកក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយនិងការធ្វើសាមញ្ញកម្មនីតិវិធីគយ ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកអគ្គនាយករង ក៏បានរំលេចអំពីវឌ្ឍនភាពល្អប្រសើរនៃការដាក់ឱ្យដំណើរការសាកល្បងមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយជាមួយប្រព័ន្ធ UPU-CDS របស់ប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក។

បន្ទាប់មក តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការបានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការសម្រាប់អនុវត្តបន្តនាពេលខាងមុខ តាមគម្រោងនីមួយៗ។ តាមរយៈបទបង្ហាញ និង ការពិភាក្សាអំពីគម្រោងទាំងអស់ខាងលើ អង្គប្រជុំបានកត់សម្គាល់ឃើញថា គម្រោងមានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែក៏នៅមានបញ្ហាប្រឈម និងការងារសេសសល់មួយចំនួន ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយនិងអនុវត្តឱ្យបានទាន់ពេលវេលាកំណត់។

ក្រោយពីស្តាប់បទបង្ហាញរបស់តំណាងដៃគូអភិវឌ្ឍន៍និងអ្នកជំនាញការ លោកអគ្គនាយករងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និង បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការ និងក្រុមការងារ, ជាពិសេស GIZ / ARISE Plus, និង UNCTAD ដែលបានជួយគាំទ្រទាំងផ្នែកប្រឹក្សាយោបល់លើនីតិវិធី និង ផ្នែកបច្ចេកទេស ដើម្បីឱ្យគម្រោងទាំងនេះអាចលេចចេញជារូបរាងបាន ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធបន្តធ្វើការជាមួយគ្នាទៀត ដើម្បីសម្រេចលទ្ធផលតាមការរំពឹងទុក៕

អត្ថបទដែលជាប់ទាក់ទង